សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
តាមរយៈការបង្ហាញឱ្យដឹងពីសមាគម TAFTAC អ្នកឧកញ៉ា គង់ សាង ជាជនជាតិខ្មែរ កើតនៅក្នុងឆ្នាំ១៩៤៩ ក្នុងសង្កាត់លេខ៣ រាជធានីភ្នំពេញ និងបច្ចុប្បន្នលោកស្នាក់នៅរាជធានីភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងរាជធានីភ្នំពេញ និងចេះនិយាយភាសាចិនបានស្ទាត់ជំនាញ។
ក្រោយការដួលរលំនៃរបប ប៉ុល ពត លោកបានចាប់ផ្តើមអាជីវកម្មដោយនាំចូលនូវផលិតផលមួយចំនួន ពីបរទេសមកលក់ក្នុងប្រទេស។ ក្នុងឆ្នាំ១៩៨៥ លោកបានជួបនិងចាប់ដៃគូរអាជីវកម្មជាមួយធុរជនតៃវ៉ាន់ ដោយធ្វើការនាំចូលក្រណាត់មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
បន្ទាប់ពីប្រទេសកម្ពុជាមានការបោះឆ្នោតជាសកលជាលើកដំបូងក្នុងឆ្នាំ១៩៩៣ និងសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជា ហ៊ុន សែន លោកនិងដៃគូធុរជនតៃវ៉ាន់ បានចាប់ផ្តើមបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងក្រោយមកទៀតបង្កើតរោងចក្រប៉ាក់។ លោកជាស្ថាបនិកនៃរោងចក្រ Evergreen Apparel Cambodia Co., Ltd. រោងចក្រ Evergreen Industrial Co., Ltd. និងរោងចក្រ Evergreen Computerized Embroidery Company។ បន្ថែមលើនេះ លោកក៏បានធ្វើការវិនិយោគលើវិស័យផ្សេងៗមួយចំនួនទៀត រួមមានវិស័យអចលនទ្រព្យ និងកសិកម្មផងដែរ។
បច្ចុប្បន្ន អ្នកឧកញ៉ា គង់ សាង ជាប្រធានសមាគមវាយណភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ជាទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា (CCC) ជាអនុប្រធាន នៃសមាគម WU Chinese Association in Cambodia (WAC) និងជាសមាជិកក្រុមប្រឹក្សាភិបាល និងជាសមាជិកស្ថាបនិកនៃសមាគមឧកញ៉ាកម្ពុជា ផងដែរ។
ក្នុងអាជីពជាអ្នកវិនិយោគ លោកបានទទួលនូវការទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ ការងារមនុស្សធម៌ និងសង្គមជាច្រើនទៀត។ លោកបានទទួលគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រ។ អ្នកឧកញ៉ា មានចំណងអាពាហ៍ពិពាហ៍ជាមួយលោកស្រី អ៊ាង ហេង ជាជនជាតិខ្មែរ និងមានបុត្រាបុត្រីចំនួន៤នាក់៕