«រមណីយដ្ឋានប្រាសាទកោះកេរ» ដែលស្ថិតនៅលើផ្ទៃដីប្រមាណ៨ពាន់ហិកតា ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេនខេត្តព្រះវិហារ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូ នៅទីក្រុងរីយ៉ាដ ប្រទេស អារ៉ាប៊ីសាអូឌីត។

នៅក្នុងសារលិខិតអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ថា៖ «ខ្ញុំសូមថ្លែងអំណរគុណជាពិសេសផងដែរ ចំពោះបណ្តាប្រទេសជាមិត្ត និងអង្គការយូណេស្កូព្រមទាំងឥស្សរជនទាំងឡាយ ដែលបានទទួលស្គាល់នូវតម្លៃដ៏មហស្ចារ្យជាសកល»នៃរមណីយដ្ឋានប្រាសាទកោះកេរ ហើយបានគាំទ្រសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាចុះតំបន់ប្រាសាទនេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដើម្បីជាផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តម»របស់មនុស្សជាតិទាំងមូល»។

សម្តេចធិបតីក៏អំពាវនាវដល់ប្រជាជនចូលរួមវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ក៏ដូចជាអំពាវនាវឱ្យគ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ និងបណ្តាញព័ត៌មានទំាងអស់ផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាមោទកភាពជាតិដ៏មានសារៈសំខាន់មួយនេះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានសំដែងការអបអរសាទរជាទីបំផុតដែល«រមណីយដ្ឋានប្រាសាទកោះកេរ» ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សូមស្តាប់ការលើកឡើងរបស់ឧកញ់ា តែ តាំងប៉៖
គួរបញ្ជាក់ដែរថា រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរជាសម្បត្តិរបស់កម្ពុជាទី៤ជាមួយតំបន់បុរាណវិទ្យាចំនួនបីផ្សេងទៀត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមមាន ប្រាសាទអង្គរវត្តក្នុងឆ្នាំ១៩៩២ ប្រាសាទព្រះវិហារក្នុងឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកក្នុងឆ្នាំ២០១៧៕



