ឧកញ៉ាបណ្ឌិត គីម ហ៊ាង អំពាវនាវឱ្យផ្សព្វផ្សាយព័ត៌មានវិជ្ជមានពីប្រទេសកម្ពុជា ឱ្យបានច្រើន

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia និង​ជា​អគ្គនាយក​បុរី វិមានសំណាង ​​បាន​អំពាវនាវ​ឱ្យ​​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​​បែប​វិជ្ជមាន​ពី​ប្រទេស​កម្ពុជា ឱ្យ​បានកាន់​តែ​ច្រើន​ឡើង ​​ជា​ជាង​ផ្សព្វផ្សាយ​តែ​ពី​បញ្ហា​ ដែល​មិនមាន​ផល​ចំណេញ​អ្វីសោះឡើយ សម្រាប់​សេដ្ឋកិច្ច​របស់​ជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែល​មាន​បទពិសោធន៍​ជាង ២០ឆ្នាំ លើ​វិស័យ​អចលនទ្រព្យ ​​យល់​ថា​ក្នុងដំណាក់កាល​វិបត្តិជាសកល គ្រប់វិស័យ ពិសេសវិស័យអចលនទ្រព្យ សុទ្ធតែទទួលរងនូវផលប៉ះពាល់ ដូច្នេះ​ បើគ្រប់គ្នា​និយាយ​តែបញ្ហា ហើយ​មិន​មានដំណោះស្រាយ នោះ​លោកព្រួយបារម្ភខ្លាចថ្ងៃអនាគត ​វិស័យអចលនាទ្រព្យ នឹងអាក្រក់ដូចមាត់​និយាយ។

ម្ចាស់​បុរី វិមានសំណាង និង​បុរី ខេអេស រ៉េស៊ីដេន រូប​នេះ ​បាន​លើក​ឡើង​ក្នុង​កម្មវិធី ស្ដីពីដំណោះស្រាយ​វិស័យ​អចលនទ្រព្យនៅកម្ពុជា កាល​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ យ៉ាងដូច្នេះ​ថា៖ “ខ្ញុំសំណូមពរទៅ​ដល់​អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ សម្រាប់ការផ្សព្វផ្សាយលើបណ្ដាញសង្គមនានា សូមផ្សព្វផ្សាយព័ត៌មាន​ល្អៗឲ្យបានច្រើន។ ព័ត៌មានល្អ ទាក់ទងសង្គម ប្រទេសជាតិ សេដ្ឋកិច្ច នយោបាយ កសិកម្ម ទេសចរណ៍។ល។ រីឯព័ត៌មានមិនចាំបាច់​លក្ខណៈបុគ្គល ឬគ្រោះថ្នាក់តិចតួច កុំព្យាយាមផ្សព្វផ្សាយច្រើនពេក ព្រោះវាមិន​ចំណេញ​អ្វីសោះសម្រាប់សង្គមជាតិ”។

លោក​ឧកញ៉ា បាន​បញ្ជាក់​បន្ថែម​ថា ការផ្សព្វផ្សាយព័ត៌មានវិជ្ជមាន ទាំងក្របខណ្ឌស្ថាប័នព័ត៌មាន ឬបុគ្គល ទោះមិនអាចជួយអ្វីច្រើនដល់សង្គម ក៏មិនបង្កបញ្ហាបន្ថែមដល់សង្គម​នោះ​ដែរ។ សម្រាប់​រូប​លោក​ផ្ទាល់​ លោក​តែង​ណែនាំបុគ្គលិក និងសមាជិកទាំងអស់ ​ឱ្យ​​ផ្សព្វផ្សាយ មិនថាពាក់ព័ន្ធវិស័យអចលនទ្រព្យ ឬវិស័យអ្វីនោះទេ ត្រូវតែបង្កប់នូវគំនិតវិជ្ជមានជានិច្ច ព្រោះមានតែបុគ្គលវិជ្ជមានប៉ុណ្ណោះ ដែលនិយាយរឿងវិជ្ជមាន ហើយទទួល​បានលទ្ធផលវិជ្ជមាន៕