ឧកញ៉ា យឹម តាស្រង់ មានផែនការនាំភរិយាដើរលេងនៅអឺរ៉ុបរាប់សិបប្រទេស នៅឆ្នាំ២០២៤

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា យឹម តាស្រង់ ​​នាយកប្រតិបត្តិក្រុមហ៊ុន EEw9 ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក​មាន​ផែនការ​នាំភរិយា​ ដើរ​លេង​កម្សាន្ត​​ទៅ​កាន់​តំបន់​អឺរ៉ុប រាប់សិប​ប្រទេស នៅ​ឆ្នាំ២០២៤ ខាង​មុខ​នេះ ដើម្បី​ប្រើជីវិត​ឱ្យ​រីករាយ ក្រោយ​ឆ្លងកាត់​ភាព​នឿយហត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ក្នុង​ជីវិត​ជា​អ្នកធ្វើការ និង​ការ​ប្រកប​មុខ​ជំនួញ​​ផ្សេងៗ​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនិពន្ធ​​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​រូប​នេះ ​​បាន​លើក​ឡើង​លើ​ទំព័រ​ហ្វេសប៊ុក កាលពី​ល្ងាច​ថ្ងៃពុធ​ យ៉ាង​ដូច្នេះ​ថា៖ “២០២៤​នេះ ជាឆ្នាំដែលបងត្រូវនាំអូនទៅដើរលេងនៅអឺរ៉ុប ​រាប់សិបប្រទេស​ ​រៀងរាល់៣ខែម្តង កុំឱ្យលុយ​មើលងាយ​ជីវិតពួកយើង ថាយើងមានតិចតួចហើយមិនចេះរកពេលចាយ និង​មិនចេះប្រើជីវិតឱ្យរីករាយ។ ​ស្រឡាញ់​អូន​រៀង​រហូត”។

ឧកញ៉ា យឹម តាស្រង់ ​​ធ្លាប់​មាន​ប្រវត្តិ​កម្សត់​កម្រ កាល​នៅ​​វ័យ​ជំទង់​ នៅ​ស្រុក​កំណើត ទីជនបទមួយ។ ទោះ​យ៉ាង​ណា លោក​បាន​ខិតខំ​ជម្នះ​​ជីវភាព​​លំបាក​របស់​ខ្លួន ដោយ​ចាក​ចេញ​ពី​ស្រុក​កំណើត មក​រាជធានីភ្នំពេញ រហូត​អាច​ក្លាយ​ជា អ្នកនិពន្ធ​ដ៏​ល្បី ​និង​ធ្លាប់​កាន់​តួនាទី​ជា​អ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra មុន​នឹង​លោក​ប្រកប​មុខ​ជំនួញ​ខ្លួន​ឯង​ ជា​នាយកប្រតិបត្តិក្រុមហ៊ុន EEw9 និង​​​​​​លើ​ផ្នែក​អចលនទ្រព្យ។

បន្ទាប់ពី​​មុខ​ជំនួញ​​​​របស់​លោក មាន​ការ​រីកចម្រើន​ជា​បន្ត​បន្ទាប់​ លោក​ឧកញ៉ា យឹម តាស្រង់ និង​ភរិយា​ គឺ​និងលោកស្រី លី ញ៉ូវរី ក៏​តែង​តែ​ចូល​រួម​បរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួន ជួយ​ដល់​កិច្ចការ​សង្គម និង​ការងារ​មនុស្សធម៌​ផ្សេងៗ។ ជាក់ស្តែង កាលចុង​ខែ​សីហា​កន្លង​ទៅ​នេះ លោក​ឧកញ៉ា​ និង​ភរិយា ព្រម​ទាំង​បុត្រ​ បាន​ជួយ​សាងសង់​របង និងក្លោងទ្វារសាលារៀន​មួយ​កន្លែង នៅស្រុកកំណើត​របស់​​លោក នៅ​ខេត្តក្រចេះ៕ ​