អ្នកឧកញ៉ា គង់ សាង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី សាយ សំអាល់

ជុំវិញ​ឧកញ៉ា

គណៈប្រតិភូនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយអ្នកឧកញ៉ា គង់ សាង ប្រធានសមាគម កាលពី​រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបនោះ លោក​ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​មានប្រសាសន៍ថា៖ “ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ឯកភាពជាមួយសមាគម ក្នុងការ​សម្រួលនីតិវិធី ពេលវេលា និងកម្រៃសេវាក្នុងការចេញវិញ្ញាបណ្ណបត្រ​ប្រើប្រាស់​សំណង់ដល់គ្រប់រោងចក្រ​ទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់”។

វិញ្ញាបណ្ណបត្រប្រើប្រាស់សំណង់ ជាឯកសារតម្រូវដ៏ចាំបាច់មួយ ដែលបញ្ជាក់ពីសុវត្ថិភាពរបស់អគារ ហើយអ្នក​បញ្ជា​ទិញជាច្រើនទាមទារនូវឯកសារនេះជាអនុលោមភាពផ្នែកសុវត្ថិភាពការងារ។

អ្នកឧកញ៉ា គង់ សាង ប្រធានសមាគម បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក​ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ និងលោក​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងសហការី ចំពោះការយកចិត្តទុកដាក់ និងផ្តល់កិច្ចសហការក្នុងការដោះស្រាយបញ្ហាប្រឈមនានា​​របស់វិស័យ ដើម្បីរក្សាបានការអភិវឌ្ឍ​នៃវិស័យ​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។

សូម​ជម្រាប​ថា អ្នកឧកញ៉ា គង់ សាង ទើប​ត្រូវ​បាន​សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​​ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣។ លោកជា​ស្ថាបនិក​នៃរោងចក្រ Evergreen Apparel Cambodia Co., Ltd. រោងចក្រ Evergreen Industrial Co., Ltd. និងរោងចក្រ Evergreen Computerized Embroidery Company៕