លោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង ប្រធានក្រុមហ៊ុន H&L Group Co.,LTD និងជាប្រធានក្លិបស្ត្រីកម្ពុជា និងស្វាមី អ្នកឧកញ៉ា អ៊ឹង លីហេង ព្រមទាំងបុត្រាបុត្រី បានចូលរួមថវិកាចំនួន ១០០០០ដុល្លារ សម្រាប់ការសាងសង់ឧបដ្ឋានសាលា (សាលាឆាន់) វត្តនិគ្រោធវ័ន «គល់ទទឹង» កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង ព្រមទាំងបុត្រាបុត្រី ញាតិមិត្រ និងក្រុមក្លឹបស្រ្តីកម្ពុជា ក៏បានយកទេយ្យទានប្រគេនព្រះសង្ឃ និងចែកទេយ្យវត្ថុ និងថវិកាជូនដល់ក្រុមជាង ដែលបំពេញការងារក្នុងវត្តចំនួន ២៥០ នាក់ផងដែរ។
ឧបដ្ឋានសាលា (សាលាឆាន់) វត្តនិគ្រោធវ័ន «គល់ទទឹង» ត្រូវបានរៀបចំ និងរចនាឡើងយ៉ាងស្រស់ស្អាត ដោយកូនខ្មែរមួយក្រុមដឹកនាំ និងរចនាគូរប្លង់ដោយលោកបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឧបដ្ឋានសាលានេះ មានកម្ពស់២ជាន់ ទំហំ៧០x៤៣ម៉ែត្រ កម្ពស់៣៨ម៉ែត្រ រចនាឡើងតាមបែបស្ថាបត្យកម្មរួមសម័យ ដោយធ្វើសំយោគនៃស្ថាបត្យកម្មក្បាច់បុរាណខ្មែរ និងសម័យទំនើប។
ឧបដ្ឋានសាលា វត្តនិគ្រោធវ័ន «គល់ទទឹង» ជាគម្រោងសាងសង់សំណងស្ថាបត្យកម្មរចនាបថដំបូលមុខដាច់ ដែលជារចនាបថបែបខ្មែរ ភាគច្រើនសាងសង់នៅសតវត្សទី១៨ និងសតវត្សទី១៩។ ឧបដ្ឋានសាលា វត្តនិគ្រោធវ័ន ដែលមានទីតាំងនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនេះ បានចាប់ផ្តើមសាងសង់ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២៕