ការដ្ឋានកសាងមហាវិថី១ខ្សែនៅរាជធានីភ្នំពេញ ដែលមានទំហំទទឹង៣០ម៉ែត្រ និងប្រវែងបណ្តោយ៥៨៦០ម៉ែត្រ ត្រូវបានបើកការដ្ឋានស្ថាបនាក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី នៅព្រឹកថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ២០២០នេះ។

អំណោយផ្លូវ១ខ្សែនេះកើតឡើងពីការបរិច្ចាករួមគ្នារនូវថវិកាដ៏ច្រើនសន្ធឹកសន្ធាប់មិនតិចជាង១៥លានដុល្លារដោយ ឧកញ៉ាធំៗ៣រូបនៅប្រទេសកម្ពុជាគឺ៖ ឧកញ៉ា លី ហួរ, ឧកញ៉ា លាង ឃុន និង ឧកញ៉ា លី យ៉ុងផាត់ ក្រោមគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ មន្ត្រីសាលារាជធានីភ្នំពេញនិងប្រជាពលរដ្ឋបានចាត់ទុកថា នេះគឺជាគម្រូនៃការរួមចំណែករបស់វិស័យឯកជនក្នុងការចូលរួមអភិវឌ្ឍរាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើន។

ផ្លូវថ្មី១ខ្សែនេះបានធ្វើឡើងក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ គេមិនអាចដឹងថា តើឧកញ៉ាទាំង៣រូបខាងលើ ម្នាក់ៗបរិច្ចាកថវិកាផ្ទាល់ខ្លួនចំនួនប៉ុន្មាននោះទេ ប៉ុន្តែការចូលរួមកសាងផ្លូវដែលមានទំហំធំ និងប្រវែងដ៏វែងនេះ គឺពិតជាត្រូវចំណាយអស់ថវិកាច្រើន។ ឧកញ៉ាទាំង៣រូបត្រូវបានគេគោរពកោតសរសើថាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបរិច្ចាកថវិកាកសាងសមិទ្ធផលជូនជាតិនិងប្រជាជន៕






ប្រភព៖ swiftnewsdaily