លោកឧកញ៉ា លី សុវណ្ណតារា ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន លី ហួរ គ្រុប កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំបុគ្គលិកក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក និងក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក ចំនួនប្រមាណជាង ១០០នាក់ ដើម្បីចូលរួមបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមកម្មវិធី «ផ្តល់ឈាមស្ម័គ្រចិត្ត សង្គ្រោះជីវិត»។
ការបរិច្ចាគខាងលើនេះ ក្រុមហ៊ុន លី ហួរ គ្រុប បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធ្វើកម្មវិធី «ផ្តល់ឈាមស្ម័គ្រចិត្ត សង្គ្រោះជីវិត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា លី សុវណ្ណតារា និងមានការចូលរួមពីលោក មឿង រដ្ឋា នាយកប្រតិបត្តិ បុរី វិមានភ្នំពេញ និង លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងក្រុមការងារ។
កម្មវិធីនេះប្រព្រឹត្តទៅនៅសាលអគារ លី ហួរ គ្រុប មានអ្នកចូលរួមប្រមាណជាង ១០០នាក់ និងអ្នកអាចបរិច្ចាគបានមានចំនួន ៧៣នាក់ ក្នុងនោះមានស្រីចំនួន ១៣នាក់។ ការបរិច្ចាគឈាមនេះធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមចំណែកដ៏សំខាន់ជួយដល់សង្គម ជាពិសេស ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងត្រូវការឈាម ដើម្បីសង្គ្រោះជីវិត ហើយនេះជាការជួយគ្នាទៅវិញទៅមក ដែលគ្រប់មនុស្សជាតិទាំងអស់គួរធ្វើជាចាំបាច់។
បើតាមការអះអាងរបស់លោកស្រីវេជ្ជបណ្ឌិត មើក សាមាន នាពេលកន្លងមក ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ គឺត្រូវការឈាមប្រមាណ ១៥០ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះនិងអ្នកជំងឺ ហើយបើនៅទូទាំងប្រទេសត្រូវការឈាមប្រមាណ ២០០ប្លោក ជារៀងរាល់ថ្ងៃ ដូច្នេះយើងត្រូវការឈាមបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្ស៕