វត្តអារាមទាំងអស់សុទ្ធតែកសាងឡើង ដើម្បីរំលឹកដល់ព្រះសម្មាសម្ពុទ្ធ ព្រមទាំងជាគោលជំហរ និងជាគ្រឹះទ្រទ្រង់ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទំលាប់ វប្បធម៌ អរិយធម៌ ជាតិខ្មែរឱ្យ គង់វង្ស។ ទន្ទឹមនឹងលេចរូបរាងវត្តអារាមជាច្រើននោះ ក៏ឃើញមានវត្តអារាមខ្លះក្លាយ ទៅជារមណីយដ្ឋានទេសចរ វប្បធម៌ ដូចជាវត្តពុទ្ធគិរីជាដើម។

ថ្ងៃនេះ គេហទំព័រឧកញ៉ាញូស៍ សូមណែនាំឱ្យស្គាល់នាមសប្បុរសជន អ្នកឧកញ៉ា ឧកញ៉ា ដែលបានចូលរួមកសាងព្រះពុទ្ធបដិមាលើកំពូលភ្នំវត្តពុទ្ធគិរី ដែលជាទីអារាមមួយមានពុទ្ធបដិមាច្រើនជាងគេនៅលើពិភពលោក។
វត្តពុទ្ធគិរី កសាងឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ មានទីតាំងស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំង ក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ការកសាងព្រះពុទ្ធបដិមាដ៏ធំលើកំពូលភ្នំនេះ មានការចូលបរិច្ចាគសាងសង់ពីអ្នកឧកញ៉ា លី យ៉ុងផាត់, អ្នកឧកញ៉ា សំ អាង, អ្នកឧកញ៉ា ស៊ី គង់ទ្រីវ, លោកស្រី ប៉ែន ភក្ដី ហុក ឡងឌី, លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា, លោក ហ៊ុន ម៉ានិត, លោក ឌី រដ្ឋា និងកញ្ញា ឌី សុភ័ក្ដ្របញ្ញា។

បើតាមការបញ្ជាក់ពីពុទ្ធបរិស័ទនៅទីនោះ វត្តពុទ្ធគិរី ដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ គឺដោយសារបាន កសាង ព្រះពុទ្ធបដិមាយ៉ាងច្រើន អង្គដែលធ្វើឲ្យអ្នកទស្សនាប្លែកភ្នែក ដោយឃើញមានព្រះពុទ្ធបដិមា ដែល ប្រតិស្ឋានឡើងជាជួរពីលើភ្នំជាជួរចុះមកក្រោមមើលទៅគួរជាទីជ្រះថ្លាដល់ពុទ្ធសាសនិក៕




