គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ភីអិលស៊ី (សូណាត្រា) ទទួលបានអាជ្ញាបណ្ណសម្រាប់ធ្វើប្រតិបត្តិការ ពីធនាគារជាតិនៃកម្ពុជា នៅដើមឆ្នាំ២០១១ ហើយបានចាប់ផ្តើមធ្វើប្រតិបត្តិការផ្តល់ឥណទានទូទាំងរាជធានីភ្នំពេញ និងបច្ចុប្បន្នកំពុងពង្រីកប្រតិបត្តិការរបស់ខ្លួន ឱ្យពាសពេញផ្ទៃប្រទេសកម្ពុជា។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ភីអិលស៊ី ដែលមានលោកឧកញ៉ា ស៊ន សុខណា ជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក គឺមានម្ចាស់ភាគហ៊ុនចូលរួមចំនួន ៧រូប។

តាមរបាយការណ៍របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ដែលផ្តល់ជូនធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ មានម្ចាស់ភាគហ៊ុនធំជាងគេគឺ លោកឧកញ៉ា ស៊ន សុខណា ភាគទុនិក ៣១,៦៧% បន្ទាប់មកគឺមាន លោកជំទាវ ឡាវ សុខហ៊ុយ ចំនួន ១៧,២៣%, ក្រុមហ៊ុន Hao Holdings Limited ចំនួន ១៤,២៩%, លោក តេតស៊ូជី ណាហ្គាតា ចំនួន ១៣,៦៧%, ក្រុមហ៊ុន Grand Co., Ltd ចំនួន ១២,៨៦%, លោក ហ្លូង ចាន់ហ៊ុយ ចំនួន ៥,១៤% និងលោក ថម គឹមសុន ចំនួន ៥,១៤%។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា មានបេសកកម្មចូលរួមចំណែក ក្នុងការលើកកម្ពស់កម្រិតជីវភាព និង ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា និងមានគោលដៅក្លាយខ្លួនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេក្នុងការផ្តល់ឥណទាន ជូនទៅដល់រូបវន្តបុគ្គល ដែលមានប្រាក់ចំណូលទាប និងសហគ្រាសធុនតូច និងមធ្យម ដែលមិនអាចទទួលបានសេវាហិរញ្ញវត្ថុ ពីធនាគារពាណិជ្ជមួយចំនួន ដើម្បីបន្ថែមដើមទុនសម្រាប់អាជីវកម្ម របស់ខ្លួន។
បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា មានការិយាល័យកណ្តាលមួយនៅរាជធានីភ្នំពេញ និងមានសាខាសរុបចំនួន ៩ទៀត ដែលសាខាចំនួន៣នៅរាជធានីភ្នំពេញ មានសាខាកោះក្របី សាខាផ្សារទួលទំពូង និងសាខាបុរីទឹកថ្លា។ ចំណែកឯ ៦សាខាទៀតនៅតាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្តសៀមរាប ព្រៃវែង កំពត កំពង់ចាម បាត់ដំបង និងសាខាខេត្តកំពង់ធំ៕
