អ្នកឧកញ៉ា ឧកញ៉ា និងម្ចាស់អាជីវកម្មប្រមាណ ៣០រូបដែលនឹកនាំដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សារបស់សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) កាលថ្ងៃអង្គារ ទី២៦ ខែកញ្ញាម្សិលមិញ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទើបនឹងឡើងកាន់តំណែងរដ្ឋមន្រ្តីថ្មីកាលពីខែកក្កដាកន្លងទៅ។

ក្នុងជំនួបនោះ ឧកញ៉ា តែ តាំងប៉ ក៏បានជម្រាបជូនលោកជំទាវ ចម និម្មល អំពីសមាសភាព និងចក្ខុវិស័យ បេសកកម្មការងាររបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមកម្ពុជា កន្លងមកក្នុងការជួយជម្រុញ និងគាំទ្រអ្នកបណ្តុះបណ្តាល ស្វែងរកទីផ្សារជូនអ្នកប្រកបមុខរបរក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមSME។

ក្នុងជំនួបដដែលនោះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC ក៏បានស្នើរសុំឱ្យក្រសួងពាណិជ្ជកម្មជួយជម្រុញផ្សព្វផ្សាយរកទីផ្សារព្រោះ គោលនយោបាយរាជរដ្ឋាភិបាល ឱ្យកែច្នៃផលិតផលវត្ថុធាតុដើមដែលមានស្រាប់ចេញពីវិស័យកសិកម្ម ទៅជាផលិតផលសំរេចជៀសវាងនាំចេញវត្ថុធាតុដើមទៅក្រៅប្រទេស ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណេញ និងចូលរួមកាត់បន្ថយការចំណាកស្រុក។
បន្ថែមទៀតនោះ លោកឧកញ៉ាបានជម្រាបជូនលោកជំទាវរដ្ឋមន្ត្រីអំពីការស្នើសុំតំណាងក្រសួងពាណិជ្ជកម្ម ដើម្បីចូលរួមផ្សព្វផ្សាយទាក់ទងនិងសង្វាក់ទីផ្សារ ទាក់ទងនិងទីផ្សារនាំចេញក្នុងប្រទេសកម្ពុជា ដោយសារតែសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំកម្មវិធីសិក្ខាសាលាទូទាំង២៥រាជធានីខេត្ត។ លោកឧកញ៉ាបន្តថា កន្លងមក FASMEC បានទទួលការចូលរួមពីប្រធានមន្ទីរពាណិជ្ជកម្មទូទាំង២៥រាជធានីខេត្ត ប៉ុន្តែមិនបានធ្វើបទបង្ហាញទាក់ទងជាមួយការជំរុញទីផ្សារ។ ក្នុងន័យនេះ FASMEC ស្នើសុំអនុញ្ញាត្តិលោកជំទាវរដ្ឋមន្ត្រី ចាត់តំណាងចូលរួមដើម្បីធ្វើបទបង្ហាញទាក់ទងនឹងការនាំចេញផលិតផល ការជម្រុញផលិតផល ទាក់ទងនឹងទីផ្សាររបស់ផលិតផលខ្មែរ។

ជាការឆ្លើយតប លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងរីករាយនឹងសហការជួយដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME នៅកម្ពុជា។ ជាមួយគ្នានោះលោកជំទាវបានស្នើឲ្យសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកយកបញ្ហាប្រឈមច្បាស់ៗដើម្បីក្រសួងចូលរួមដោះស្រាយជូនវិស័យ SME។
សូមជម្រាបជូនថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗពីវិស័យឯកជន។

សូមបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងរយៈពេល១ឆ្នាំម្តង ជាយន្តការសន្ទនាមួយ ដែលមាននាយករដ្ឋមន្ត្រីជាអ្នកដឹកនាំផ្ទាល់ និងដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ ផ្តល់ឱកាសឱ្យផ្នែកឯកជន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធានការសមស្របដើម្បីដោះស្រាយ ហើយរាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី៕













