លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ជាអ្នកជំនួញលេចធ្លោរមួយរូប ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ហាងលក់ផលិតផលគ្រឿងសម្អាង អាហារបំប៉ន រួមទាំងហាងមាសពេជ្រដ៏ធំចំនួនពីរទីតាំង នៅក្នុងរាជធានីភ្នំពេញ។
លោកស្រីម្ចាស់ហាងពេជ្រ ដាណា ទ្រី ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកស្រីម្ចាស់ហាងគ្រឿងសម្អាង NNP កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានទម្លាយអាថ៌កំបាំងពីប្រវត្តិរបស់ខ្លួនឱ្យដឹងថា លោកស្រីធ្លាប់ប្រកបរបរផ្សេងៗចំនួន៧មុខ ក្នុងរយៈពេល៦ឆ្នាំ ដូចជា លក់ស្បែកជើង, លក់ខោអាវថ្មី, លក់ខោអាវជជុះ, លក់កាហ្វេ, លក់បាយ, លក់បបរ និងកាត់ដេរម៉ូត តែរងការបរាជ័យទាំងអស់ មុននឹងលោកស្រីមានអាជីវកម្មរីកចម្រើន រហូតឈានដល់ក្លាយជាម្ចាស់ហាងលក់ពេជ្រ ដូចពេលបច្ចុប្បន្ន។
លោកស្រី ទ្រី ដាណា បានបើកសម្ពោធ ហាងពេជ្រ ដាណាទ្រី សាខាច្បារអំពៅ ថ្មីមួយទៀតជាផ្លូវការ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីហាងពេជ្រដំបូងរបស់លោកស្រី ទទួលបានជោគជ័យដ៏ធំធេង នៅសាខាធំ លើមហាវិធីឈ្នះ-ឈ្នះ ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ៕