ឧកញ៉ា សំ សុខនឿន កត់សម្គាល់ឃើញសម្លៀកបំពាក់លក់ក្នុងហាងទំនើបៗនៅសហរដ្ឋអាមេរិកជាច្រើន ផលិតនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សំ សុខនឿន អគ្គនាយកក្រុមហ៊ុន SAM SN REALTY អំឡុងពេលលោក​​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពាណិជ្ជកម្ម នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក កាលពី​ពេលថ្មីៗនេះ បានកត់សម្គាល់​​​ឃើញ​ថា សម្លៀកបំពាក់​ផលិត​នៅកម្ពុជាជាច្រើន បាននិងកំពុង​ដាក់លក់ក្នុងហាងទំនើបៗនៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា អ្នកជំនាញអចលនវត្ថុនៅកម្ពុជារូបនេះ បានលើក​ឡើង​តាម​រយៈ​វីដេអូឃ្លីបមួយ លើ​ទំព័រហ្វេសប៊ុក​របស់​លោក​ កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ថា ពេលនេះ​លោកកំពុង​ស្ថិតនៅទីក្រុងញ៉ូវយ៉ក និង​បាន​ដើរ​​រក​មើល​ទិញ​ខោអាវ​មួយ​ចំនួន ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់បំផុត​នោះ​គឺ អាវប្រេនៗនៅទីក្រុងញ៉ូវយ៉ក​ភាគ​ច្រើន​ បានដាក់​ថា «Made in Cambodia» មានន័យថា​ «ផលិតនៅកម្ពុជា»។

លោកបន្ត​ថា ការពិត​អ្វី​ដែល​យើង​គួរ​តែ​មាន​មោទនភាព​ គឺសម្លៀកបំពាក់​នៅ​ក្នុង​ហាង​ទំនើបៗ​ជា​ច្រើន​នៅ​ទីក្រុងញ៉ូវយ៉ក ជាទូទៅ​គឺ​​ផលិត​ឡើង​នៅ​ប្រទេស​កម្ពុជា​យើង។ ដូច្នេះ​យើង​គួរ​តែ​មាន​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​យើង ដែល​​មាន​ផលិត​ផល​ខ្មែរ​បាន​នាំ​មក​លក់​​នៅ​ប្រទេស​ដែល​រីក​ចម្រើន​បំផុត។

ឧកញ៉ា សំ សុខនឿន បានបញ្ជាក់​ថា យើង​ត្រូវ​តែ​ចេះស្រឡាញ់​ជាតិ​របស់​យើង និង​មាន​មោទនភាព​សម្រាប់​ជាតិ​យើង ព្រោះ​ខ្មែរ​យើង​មិនមែន​អន់​នោះ​ទេ ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ យើង​សង្កេត​ឃើញ​ថា ប្រទេស​យើង​មាន​ការ​រីក​ចម្រើន​លឿន។ ជាពិសេស យើង​ជឿជាក់​ថា នៅ​ពេល​អនាគត​ប្រទេស​យើង​នឹង​កាន់​តែ​រីក​ចម្រើន ក្រោម​ការ​ដឹក​នាំ​​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕