ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC)បានដឹកនាំ និងរៀបចំសិក្ខាសាលាស្តីពី«ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩» ដល់សមាជិក FASMEC ខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

សិក្ខាសាលានេះ ក៏មានការចូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងអាជីវករ ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងខេត្តដែលជាសមាជិក SMEប្រមាណ១៧០រូបផងដែរ។
បើតាម FASMEC គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ ដើម្បីចែករំលែកអំពីខ្សែ សង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងបន្ថែមដែលម្ចាស់សហគ្រាសធុនតូច និងមធ្យម នៅមានចំណុចខ្វះខាត។

គួរជម្រាបថា FASMEC គឺជាសម្ព័ន្ធដែលចងក្រងឡើង ដោយបណ្តុំសមាគម និង សហគ្រាសធុនតូច មធ្យមនៅកម្ពុជា ដែល បានបង្កើតឡើង និងចុះបញ្ជីអនុញ្ញាតពីក្រសួងមហាផ្ទៃ ឆ្នាំ២០១០។ ទស្សនវិស័យរបស់ FASMEC គឺផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាទៅទីផ្សារក្នុងស្រុកនិងអន្តរជាតិ។បេសកម្មចម្បងរបស់ FASMEC គឺធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាមានការប្រមូលផ្តុំគ្នា និងសហការគ្នា ដើម្បីឱ្យគុណភាពផលិតផលប្រទេសកម្ពុជាមានការទទួលស្គាល់ជាលក្ខណអន្តរជាតិ។ លើសពីនេះ ក៏ជួយសម្របសម្រួលបរិយាកាសពាណិជ្ជកម្ម បង្កើតវគ្គបណ្តុះបណ្តាល បង្កើនផលិតភាព ការច្នៃប្រឌិត និងការប្រកួតប្រជែង ដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូចនិងមធ្យមផងដែរ៕


