អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC) កាលពីថ្ងៃទី២៩ ខែកញ្ញា ម្សិលមិញនេះ បានដឹកនាំក្រុមការងារ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការ ជាមួយក្រុមហ៊ុនផ្សារទំនើបរបស់ថៃ Big C របស់ BJC ដើម្បីត្រៀមអភិវឌ្ឍន៍ផ្សារទំនើបទំហំ ២,៧ ហិកតា ដែលមានទីតាំងស្ថិតនៅរង្វង់មូលសុវណ្ណមច្ឆា ក្នុងទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ។
គម្រោងសាងសង់ផ្សារទំនើបថ្មីដ៏ធំនេះ គ្រោងនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗ ហើយផ្សារទំនើបនេះត្រូវបានគេរំពឹងថានឹងបើកដំណើរការក្នុងរយៈពេលចន្លោះពី ១៨-២៤ខែ គិតចាប់ពីពេលចាប់ផ្តើមសាងសង់។
កម្មវិធីកិច្ចហត្ថលេខានេះ មានការចូលរួមពីតំណាងក្រុមហ៊ុនកាណាឌីយ៉ាគ្រុប ដឹកនាំដោយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល អ្នកស្រីបណ្ឌិត Lim Lina (អនុប្រធាន) លោកស្រី Lim Lychin នាយិកាក្រុមហ៊ុន OCIC និង Mega Asset Management លោក អាំង អេងហ៊ុយ CFO នៃក្រុមហ៊ុន OCIC Group និង Mega Asset Management និងលោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC Group រួមជាមួយតំណាង Big C លោក Gary Hardy ប្រធានផ្នែកប្រតិបត្តិការ និងលោក Suwin Somsri អនុប្រធាន ផងដែរ។
សូមជម្រាបថា អ្នកឧកញ៉ា ពុង ឃាវសែ កំពុងវិនិយោគលើវិស័យជាច្រើននៅកម្ពុជា ក្នុងនោះរួមមាន វិស័យហិរញ្ញវត្ថុ សំណង់និងអចលនទ្រព្យ ការអប់រំ អាកាសយានដ្ឋានអន្តរជាតិ ទេសចរណ៍ និងវិស័យលក់រាយផ្សារទំនើបផងដែរ។ សម្រាប់ផ្សារទំនើបល្បីឈ្មោះដែលអ្នកឧកញ៉ា បានវិនិយោគរួមមានដូចជា ផ្សារទំនើបសូរិយ៉ា ផ្សារទំនើបសុវណ្ណា និងផ្សារទំនើបអូឡាំព្យា នៅក្បែរពហុកីឡដ្ឋានជាតិអូឡាំពិក ជាដើម-ល-៕