សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ស្នើសុំក្រសួងឧស្សាហកម្ម គាំទ្របច្ចេកទេសលើគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា កែវ មុំ ប្រធាន​សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ​​បាន​ស្នើ​សុំ​ដល់​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យជួយ​ជ្រោមជ្រែង​គាំទ្រផ្នែក​បច្ចេកទេស​នៃការគ្រប់គ្រង​គុណភាព​ស្តង់ដា លើគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ដែលនឹង​ក្លាយជា​ទីតាំងប្រមូលផ្តុំផលិតផល​ក្នុង​ស្រុក​របស់ខ្មែរ ដើម្បីអាច​ផ្សព្វផ្សាយ និងលក់​ចែកចាយ ឱ្យ​បានទូលំទូលាយ ទាំងលើឆាកជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សំណើសុំ​ខាង​លើ​នេះ​ ​​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោកស្រី​ឧកញ៉ា ត្រូវ​បាន​លោក​ ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ អនុញ្ញាតឱ្យ​ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុង​ជំនួប​នេះ​ដែរ លោកស្រី​ឧកញ៉ា ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សភាមុខរបរ និងមីក្រូសហគ្រាស ក៏​បានស្នើសុំទៅ​រាជរដ្ឋាភិបាល ដើម្បី​រៀបចំកែសម្រួល​ព្រះរាជក្រឹត្យ ស្តីពីការបង្កើតសភាមុខរបរ និងមីក្រូសហគ្រាស ឡើងវិញ ឱ្យ​ស្របនឹងបរិបទបច្ចុប្បន្ន ដោយសារ​ព្រះរាជក្រឹត្យ​នេះ មានអាយុកាលជិត ២ទសវត្សរ៍មកហើយ តាំងពីឆ្នាំ២០០៥​មក។ យ៉ាងណាមិញ លោករដ្ឋមន្ត្រី ក៏​បានគាំទ្រ និងឯកភាពយ៉ាងខ្លាំង ដោយបញ្ជាក់ថា លោកនឹង​ចាត់មន្ត្រី​ជំនាញ ​ឱ្យ​សហការ​ជាមួយ​លោកស្រី​​ឧកញ៉ា កែវ មុំ ដើម្បី​ធ្វើការងារ​កែសម្រួល​ខ្លឹមសារ​មួយ​ចំនួន​នៃ​ព្រះរាជក្រឹត្យ​នេះ។

គួរ​បញ្ជាក់​ថា ក្នុង​ជួបពិភាក្សាខាង​លើ លោកស្រី​ឧកញ៉ា កែវ មុំ ក្នុងនាម​ប្រធាន​សភាមុខរបរ និងមីក្រូ​សហគ្រាស​កម្ពុជា បានស្នើ​សុំ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ចំនួន ៤​ចំណុច​ដូចជា៖ ១)ស្នើសុំ​ការគាំទ្រផ្នែក​បច្ចេកទេស​នៃការគ្រប់គ្រង​គុណភាព​ស្តង់ដានៃគម្រោងបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្មកម្ពុជា ដែលនឹង​ក្លាយជា​ទីតាំងប្រមូលផ្តុំផលិតផល​ក្នុង​ស្រុក​របស់ខ្មែរ ២)ស្នើមន្ត្រីជំនាញផ្នែកនីតិកម្ម នៃក្រសួងឧស្សាហកម្ម ជួយ​សហការ​កែសម្រួល​ព្រះរាជក្រឹត្យ​ស្តីពីការ​បង្កើតសភាមុខរបរ និងមីក្រួសហគ្រាស ៣)ស្នើសុំ​ឱ្យ​សភាមុខរបរ និងមីក្រូសហគ្រាស បានចូលរួមក្នុងក្រុមការងារ នៃវេទិការាជរដ្ឋាភិបាល ជាមួយ​វិស័យ​ឯកជន និង ៤)ស្នើសុំ​ឱ្យ​សភាមុខរបរ និងមីក្រូសហគ្រាស បង្កើតច្រកចេញចូលតែមួយ ដើម្បី​​ឱ្យ​អ្នក​ធ្វើអាជីវកម្ម​ខ្នាតតូច ងាយស្រួលក្នុងការចុះបញ្ជី​​អាជីវកម្ម​របស់​ខ្លួន៕ ​