ធនាគារវីង (Wing Bank) របស់អ្នកឧកញ៉ា គិត ម៉េង ជាធនាគារពាណិជ្ជដែលបម្រើសេវាកម្មឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន និងជាធនាគារ ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល ក្នុងការផ្ទេរប្រាក់ ក្នុងកម្មវិធីសង្គមជាច្រើន។
យោងតាមគុណតម្លៃនៃការអភិវឌ្ឍ និងបទពិសោធន៍ក្នុងការផ្តល់ជូននូវបច្ចេកវិទ្យាប្រតិបត្តិការហិរញ្ញវត្ថុ ធនាគារវីង ត្រូវបានជ្រើសរើសដោយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការផ្ទេរប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ, ការផ្ទេរប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតនៃរោងចក្រសហគ្រាសដែលព្យួរកិច្ចសន្យាការងារ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩, កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាបនិងជួបប្រឈមនឹងការលំបាកក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ និងសម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារកូវីដ-១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ តាមរយៈប្រព័ន្ធអេឡិចត្រូវនិក។
ធនាគារ វីង (ខេមបូឌា) ម.ក ត្រូវបានជំរុញដោយចក្ខុវិស័យ ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និង ធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃ។ ធនាគារវីងបានកែប្រែវិធីដែលប្រជាជនកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុ ដោយណែនាំការផ្ទេរប្រាក់តាមរយៈទូរស័ព្ទចល័តរហ័ស មានសុវត្ថិភាព និងងាយស្រួល ចាប់តាំងពីថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០០៨៕