ពិធីមង្គលអាពាហ៍ពិពាហ៍ត្រកូលអភិជន កូនប្រុសម្ចាស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ បានរៀបចំឡើងយ៉ាងប្រណីត ស្អាតស្ទើរគ្មានកន្លែងទាស់ ទាំងការតុបតែងរោងលម្អពិធី ទាំងសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងសមសួន បូកផ្សំនឹងការលាយបញ្ចូលការលម្អផ្កាស្រស់ចម្រុះពណ៌ បែបទាន់សម័យ ធ្វើឱ្យមហាជនផ្ទុះការចែករំលែកយ៉ាងច្រើនលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok។
កម្មវិធីសិរីមង្គលដ៏ធំនេះ កូនប្រុសនាម ផន មុតសុក្រឆពណ្ណ ហៅ Richie ដែលជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស រីឯកូនស្រីនាម តាំង ប៉ោហ្គិច ហៅ Jade។
ក្នុងកម្មវិធីមង្គលអាពាហ៍ពិពាហ៍គូស្វាមីភរិយាថ្មីនេះ គេសង្កេតឃើញមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមយ៉ាងច្រើន ក្នុងនោះរួមមាន ថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ម៉េង អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ហ៊ុន តូ រួមទាំងអ្នកឧកញ៉ា ឧកញ៉ា និងអ្នកមុខអ្នកការលើវិស័យជំនួញផ្សេងៗជាច្រើនរូបទៀត៕
រូបភាព៖ One Memory