នៅដើមខែតុលា ឆ្នាំ២០២៣នេះ មានអាពាហ៍ពិពាហ៍រវាងក្រុមគ្រួសារអភិជនមួយបានរៀបចំឡើងយ៉ាងឱឡារឹកគគ្រឹកគ្រេងផ្អើលប្រទេសកម្ពុជា ពិសេសនោះអ្នកនិយមលេងបណ្តាញសង្គមតែម្តង។

ពិធីអាពាហ៍ពិពាហ៍ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាមួយការរៀបចំតុបតែងយ៉ាងប្រណិតអស្ចារ្យអមដោយរឿងរណ្តាប់ទម្រង់អាពាហ៍ពិពាហ៍ខ្មែរយ៉ាងស្អាតស្ទើរគ្មានកន្លែងទាស់ ទាំងការតុបតែងរោងលម្អពិធី បូកផ្សំនឹងការលាយ បញ្ចូល ការលម្អផ្កាស្រស់ចម្រុះពណ៌បែបទាន់សម័យកាលពី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។
កម្មវិធីសិរីមង្គលដ៏ធំនេះ កូនប្រុសនាម ផន មុតសុក្រឆពណ្ណ ហៅ Richie ដែលជាកូនបង្កើតរបស់ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារហិរញ្ញវត្ថុក្រសួងការពារជាតិ និងលោកស្រី ខៀវ ស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស រីឯកូនស្រីនាម តាំង ប៉ោហ្គិច ហៅ Jade ជាកូនបង្កើតលោកស្រីឧកញ៉ា ស៊ុយ សុផាន់ និងឧកញ៉ា តាំង គីមថុង ម្ចាស់ក្រុមហ៊ុន ផានអីមិច គ្រុប។

ពិធីអាពាហ៍ពិពាហ៍រវាងក្រុមគ្រួសារអភិជនលំដាប់ជួរមុខនៅប្រទេសកម្ពុជានេះ ក៏មានការអញ្ជើញចូលរួមពីប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងមន្រ្តីជាន់ខ្ពស់ អ្នកឧកញ៉ា ឧកញ៉ា ពាណិជ្ជករគ្រាក់ៗលំដាប់អភិជនដើម្បីជាកិត្តិយសអបអរសាទរស្វាមីភរិយាថ្មីរវាងក្រុមគ្រួសារអភិជន នៅមជ្ឈមណ្ឌល និងពិពរណ៍អន្តរជាតិ OCIC ជ្រោយចង្វាររបស់អ្នកឧកញ៉ា ពុង ឃាវសែ៕












