អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំង ចំពោះយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលត្រៀមជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅតាមសាលាទាំងអស់ ទាំងសាលាឯកជន និងសាលារដ្ឋ ខណៈដែលប្រទេសជុំវិញយើងក្នុងតំបន់ បាននិងកំពុងដើរមុនយើងមួយជំហ៊ានទៅហើយ។

អ្នកឧកញ៉ា ម្ចាស់សាលា Aii និង AIS បានថ្លែងកាលពីពេលថ្មីៗនេះថា ការពិតទៅ បច្ចេកវិទ្យាឌីជីថលនេះ គេបានប្រើប្រាស់នៅជុំវិញតំបន់យើងអស់ហើយ ជាបច្ចេកវិទ្យាទំនើប ដែលបច្ចុប្បន្ននេះប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ គេវិវត្តន៍ដល់ហ្នឹងអស់ហើយ។ ដូច្នេះចង់ឬមិនចង់ យើងត្រូវតែអភិវឌ្ឍទៅដល់ហ្នឹងដែរ។
«សព្វថ្ងៃនេះ ខ្ញុំមានការគាំទ្រខ្លាំង ដោយសារក្នុងអាណត្តិនេះ មានការជំរុញពីរាជរដ្ឋាភិបាល និងក្រសួងអប់រំផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យមានការជំរុញដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប៉ុន្តែអ្វីដែលគួរឱ្យបារម្ភគឺថា នៅតាមសាលាទាំងអស់ ជាពិសេសសាលារដ្ឋមានលទ្ធភាពបញ្ចូលកម្មវិធីហ្នឹងដែរអត់ ពាក់ព័ន្ធនឹងគ្រូ និងឧបករណ៍សម្ភារៈ»។ អ្នកឧកញ៉ា បានបន្ថែម។
អ្នកឧកញ៉ា បានសង្កត់ធ្ងន់ទៀតថា ដូច្នេះយើងមិនអាចធ្វើភ្លាមបានលទ្ធផលភ្លាមទេ ព្រោះយើងត្រូវការបណ្តុះបណ្តាលគ្រូ និងត្រូវការថវិកាបញ្ចូលកម្មវិធីអីផ្សេងៗទៀត។ សូម្បីតែមិនប្រើឌីជីថល ក៏សាលារដ្ឋកំពុងប្រឈមនឹងបញ្ហាទៅហើយដូចជា ការប្រើប្រាស់បច្ចេកវិទ្យាសាមញ្ញ អ៊ីធើណែត ឬការស្រាវជ្រាវផ្សេងៗ ជាទូទៅនៅជនបទពុំទាន់មាន WiFi ឬអ៊ីនធើណែត ទៅដល់នោះទេ ហើយក៏គ្មានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ដូចជា Laptop, Computer ឬ Tablet ជាដើម។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មីទី៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្ដល់អាទិភាពទៅលើការអប់រំឌីជីថល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលតាមសាលារៀន តាមរយៈការបញ្ចូលទៅក្នុងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ “ការអភិវឌ្ឍធនធានមនុស្ស” និងមុំទី១ “ការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”។ ជាមួយគ្នានេះ ថ្មីៗនេះលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអប់រំឌីជីថល គឺជាយុទ្ធសាស្ត្រគន្លឹះមួយក្នុងចំណោមយុទ្ធសាស្ត្រផ្សេងៗទៀត ដើម្បីជំរុញការធ្វើបរិវត្តកម្មនៃប្រព័ន្ធអប់រំ នៅកម្ពុជា៕