ឧកញ៉ា ណាង ណាន និងលោកជំទាវ តាន់ សុផារី បាននាំយកបច្ច័យផ្ទាល់ខ្លួនចំនួន ១៥០០០ដុល្លារ ទៅចូលរួមកសាង ឧបដ្ឋានសាលា កុដិ នៅវត្តវេឡុវ័នរង្ស៉ីបារមីតាងែត។ នេះបើតាមការលើកឡើង នៅតាមបណ្ដាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឧកញ៉ា ណាង ណាន កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
តាមរយៈការបង្ហោះលើបណ្ដាញសង្គមនេះ លោកឧកញ៉ា បានលើកឡើងថា វត្តវេឡុវ័នរង្ស៉ីបារមីតាងែតនេះ កសាងឡើង៦ឆ្នាំមកហើយ ដែលមានទីតាំងស្ថិតនៅ ភូមិតាពួង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្រោយពីបានចាប់មគ្គផល ក្នុងការកសាងនេះ លោកឧកញ៉ា ក៏បានជូនបុណ្យដល់លោកតា លោកយាយ អ៊ំពូ មីង ទាំងអស់គ្នាអោយជួបតែសេក្តីសុខ សេចក្ដីចម្រើន រកស៊ីទទួលទានមានបានទាំងអស់គ្នា។ ជាមួយគ្នានេះដែរ លោកឧកញ៉ា ក៏បានអំពាវនាវដល់សប្បុរសជន ជួយចូលរួមកសាងវត្តនេះ ព្រោះវត្តនេះ ក្រណាស់។
សូមជម្រាបជូនផងដែរថា ឧកញ៉ា ណាង ណាន គឺជាអគ្គនាយកក្រុមហ៊ុនទេសចរណ៍ ណានពីរ (NAN PI Travel Tour) ដែលទើបត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១០៦៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តី កម្ពុជា៕
អត្ថបទ៖ សុកធា