ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) ដែលមានឧកញ៉ា តែ តាំងប៉ ជាប្រធាន បានដឹកនាំនិងរៀបចំសិក្ខាសាលាស្តីពី«ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩»ជូនដល់សមាជិកFASMEC នៅក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី០៣ ខែតុលា។

សិក្ខាសាលានេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ព្រមទាំងដៃគូសហការ និងសមាជិក FASMEC ប្រមាណ៨០រូបផងដែរ។
បើតាម FASMEC គោលបំណងនៃកម្មវិធីសិក្ខាសាលាខាងលើនេះ ដើម្បីចែករំលែកអំពីខ្សែ សង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងបន្ថែមដែលម្ចាស់សហគ្រាសធុនតូច និងមធ្យម នៅមានចំណុចខ្វះខាត។

សូមជម្រាបថា កន្លងមក សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) តែងតែរៀបចំរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅបណ្តាខេត្តមួយចំនួន ដើម្បីជាការចែករំលែកខ្សែសង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម។


FASMEC គឺជាសម្ព័ន្ធដែលចងក្រងឡើង ដោយបណ្តុំសមាគម និង សហគ្រាសធុនតូច មធ្យមនៅកម្ពុជា ដែល បានបង្កើតឡើង និងចុះបញ្ជីអនុញ្ញាតពីក្រសួងមហាផ្ទៃ ឆ្នាំ២០១០។ ទស្សនវិស័យរបស់ FASMEC គឺផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាទៅទីផ្សារក្នុងស្រុកនិងអន្តរជាតិ។បេសកម្មចម្បងរបស់ FASMEC គឺធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាមានការប្រមូលផ្តុំគ្នា និងសហការគ្នា ដើម្បីឱ្យគុណភាពផលិតផលប្រទេសកម្ពុជាមានការទទួលស្គាល់ជាលក្ខណអន្តរជាតិ។ លើសពីនេះ ក៏ជួយសម្របសម្រួលបរិយាកាសពាណិជ្ជកម្ម បង្កើតវគ្គបណ្តុះបណ្តាល បង្កើនផលិតភាព ការច្នៃប្រឌិត និងការប្រកួតប្រជែង ដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូចនិងមធ្យមផងដែរ៕




