អ្នកឧកញ៉ា តាំង ហ្គិចលៀង ប្រធានក្រុមហ៊ុន H&L Group Co.,LTD និងជាប្រធានក្លិបស្ត្រីកម្ពុជា យល់ថា ពេលវេលាមានតម្លៃខ្លាំងណាស់ ដូច្នេះយើងត្រូវចេះឱ្យតម្លៃលើវាឱ្យបានខ្ពស់ និងធ្វើកិច្ចការងារដែលមានប្រយោជន៍។ ក្នុងន័យនេះ អ្នកឧកញ៉ាបានបង្ហើបឱ្យដឹងពីសកម្មភាពប្រចាំថ្ងៃរបស់លោកស្រី ដែលបានបំពេញការងារសំខាន់ៗមិនក្រោម ១០មុខនោះទេ។

លោកស្រីអ្នកឧកញ៉ា បានបង្ហាញឱ្យដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៣ ខែតុលា ម្សិលមិញនេះថា ការងារជាប្រចាំរបស់លោកស្រីគឺ៖ ឪពុកម្តាយចាស់ក៏ត្រូវមើល, កំដរ គាំទ្រកូនក៏ទៅ, កម្មវីធីក៏ចូលរួម, វត្តក៏ទៅ, កិច្ចការងារសង្គមក៏ធ្វើ, ក្លិបស្រ្តីដើម្បីស្រ្តី ក៏ដំណើរការតាមកាលកំណត់, ការងារក្រុមហ៊ុនក៏ធ្វើ, មិត្តភ័ក្តិក៏ជួប, បុណ្យក៏ធ្វើទានក៏សាង និងខ្លួនឯងក៏ថែរ ។ល។
អ្នកឧកញ៉ាប្រធានក្លិបស្ត្រីកម្ពុជា បានបន្ថែមទៀតថា លោកស្រីជាមនុស្សមិនចង់ឱ្យលេសមកខ្លួនឯងទេ ព្រោះលោកស្រីស្រឡាញ់អ្វីដែលខ្លួនធ្វើ និងតែងធ្វើវារហូតទៅជាទម្លាប់ទៅហើយ។ ពិសេស កាន់តែធ្វើ កាន់តែមានក្តីសុខ ព្រោះលោកស្រីធ្វើវាដើម្បីមនុស្សជាទីស្រឡាញ់របស់លោកស្រី ហើយធ្វើមិនដែលធុញនោះទេ។
អ្នកឧកញ៉ា តាំង ហ្គិចលៀង បានបញ្ជាក់ថា ពេលវាលាមានតម្លៃណាស់ សូមឱ្យតំលៃវាឱ្យខ្ពស់ នោះយើងនឹងធ្វើរឿងដែលមានប្រយោជន៍ សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និង សម្រាប់សង្គមនិងជាតិយើងជារៀងរាល់ថ្ងៃ។ ធ្វើៗ ធ្វើច្រើនចេះច្រើន ធ្វើច្រើនបានផលច្រើន ធ្វើច្រើន មានកម្លាំងចិត្តកាន់តែច្រើន តោះ ធ្វើទៀត។




