ឧកញ៉ាបណ្ឌិត គីម ហ៊ាង បង្ហាញការយល់ឃើញចំពោះការលក់ដីឡូត៍ បុរី ខុនដូ និងអចលនទ្រព្យ រយៈពេល៨ខែ ឆ្នាំ២០២៣នេះ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia និង​ជា​អគ្គនាយក​បុរី វិមានសំណាង បាន​បង្ហាញ​ការ​យល់​ឃើញ​​ពី​ស្ថានភាព​នៃ​ការ​លក់​​អចលនទ្រព្យ រយៈពេល៨ខែ ឆ្នាំ២០២៣នេះ លើ​៤ចំណុចគឺ ដីឡូត៍ បុរី ខុនដូ និង​ការ​លក់​អចលនទ្រព្យ​លើក​ទី២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បាន​លើក​ឡើង​ក្នុង​បទសម្ភាសន៍​មួយ​ថ្មីៗ​កន្លង​ទៅ​នេះ​ថា ៨ខែមកនេះ ដីឡូត៍​នៅ​តែ​មាន​សភាព​ស្ងប់ស្ងាត់ ហើយ​ស្ងាត់​ជាង​ឆ្នាំ២០២២​ទៅ​ទៀត។ ឆ្នាំ២០២៣​នេះ​ស្ទើរ​តែ​ស្ងាត់​ឈឹង​​និង​មាន​រឿង​ច្រើន​តែ​ម្តង​ពាក់ព័ន្ធ​នឹង​ដីឡូត៍ ដោយសារ​មាន​អ្នកលក់ដីឡូត៍​មួយ​ចំនួន មាន​បញ្ហា​តាម​ផ្លូវ​ច្បាប់។ ដូច្នេះ​វិស័យ​ដីឡូត៍ ឆ្នាំ២០២៣ គឺ​ពិបាក​ខ្លាំង​មែនទែន។

សម្រាប់បុរី អ្វីដែលលោកមើលឃើញនៅឆ្នាំ២០២៣ ដែលមានបញ្ហាបន្តពីឆ្នាំ២០២០ ២០២១ និង២០២២ គឺបុរីសម្រាប់អ្នកមានចំណូលក្រោមមធ្យម នៅបន្តរងផលប៉ះពាល់។ ហេតុផលដែលការសាងសង់លក់បុរីសម្រាប់អ្នកមានចំណូលក្រោមមធ្យម បន្តរងការប៉ះពាល់ ដោយសារតែវិបត្តិពិភពលោក បណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាកូវីដ-១៩ សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ធ្វើឱ្យប្រទេសកម្ពុជាយើង រងផលប៉ះពាល់លើវិស័យជាច្រើន ពិសេសវិស័យឧស្សាហកម្ម។ វិស័យឧស្សាហកម្ម បានផ្តល់ការងារឱ្យប្រជាជនកម្ពុជា ប្រហែល ១លាននាក់ ដែលពួកគាត់រងការប៉ះពាល់ច្រើន ដូចជា រោងចក្រ សហគ្រាស និងសេវាកម្ម។ ពួកគាត់ជាអ្នកមានចំណូលក្រោមមធ្យម ដែលទិញផ្ទះតម្លៃក្រោម ៥០០០០ដុល្លារ ដូច្នេះធ្វើឱ្យបុរី មានផ្ទះតម្លៃលក់ពី ៤ម៉ឺនទៅ ៥ម៉ឺនដុល្លារ រងផលប៉ះពាល់ច្រើន ក្នុងរយៈពេល៨ខែមកនេះ។ ចំពោះបុរី ដែលមានផ្ទះលក់តម្លៃចាប់ពី ៥ម៉ឺនដុល្លារឡើង មិនសូវប៉ះពាល់ច្រើនទេ ដោយសារនៅមានសកម្មភាពលក់-ទិញ ច្រើនគួរសម។

លោក​ឧកញ៉ា បាន​បន្ត​ថា​ រីឯ​​ខុនដូ​វិញ នៅឆ្នាំ២០២៣​នេះ យើង​ព្យាយាម​​ផ្សព្វផ្សាយ​ច្រើន​ពី​ខុនដូ ប៉ុន្តែ​​យើង​បាន​បង្កើត​កំហុស​ដ៏​ធំ​មួយ ក្នុង​ការ​លក់​ខុនដូ​នៅ​ប្រទេស​កម្ពុជា គឺ​ការ​កំណត់​តម្លៃ​លក់ ការ​បញ្ចុះ​តម្លៃ​លក់ និង​​​ប្រាក់​កម្រៃ​ជើងសារ។ បទពិសោធន៍​ជាង ២០ឆ្នាំ ដែល​​លោក​​រកស៊ី​ក្នុង​វិស័យ​នេះ ​លោក​​មើល​ឃើញ​ថា​ កំហុស​សម្រាប់​ការ​លក់​ដីឡូត៍ និង​ខុនដូ គឺ​ការ​កំណត់​តម្លៃ​លក់ និង​ការ​ផ្តល់​​ប្រាក់​កម្រៃ​ជើងសារ ព្រោះ​ធម្មតា​ការសង់​ខុនដូ​គឺ​អគារ​រាប់សិប​ជាន់ ហើយ​​ថ្លៃ​ដើម​សាងសង់​ខុនដូ​​ជា​ទូទៅ​ គឺ​ក្រោម ១០០០ដុល្លារ/ម៉ែត្រ​ការ៉េ ប៉ុន្តែ​គម្រោង​ខ្លះ​​​ដាក់​លក់​តម្លៃ ២០០០ទៅ​២៥០០​ដុល្លារ/ម៉ែត្រ​ការ៉េ ដោយ​អាង​​បញ្ចុះ​តម្លៃ​ច្រើន និង​ផ្តល់​កម្រៃ​ជើងសារ​ច្រើន។ ដូច្នេះ​កត្តា​ទាំង​នេះ បាន​ធ្វើ​ឱ្យ​ខូច​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា និង​តម្លៃ​លែងមានការពិត ធ្វើ​ឱ្យ​បាត់បង់​ទំនុក​ចិត្ត​ពី​អតិថិជន។

ចំណែកឯ​ ការ​លក់​អចលនទ្រព្យ​លើក​ទី២ មានន័យ​ថា​ ការ​លក់ដី​ចាស់ ផ្ទះ​ចាស់ លោក​ឧកញ៉ា​មើល​ឃើញ​ថា នៅ​តែ​មាន​ដំណើរការ​ធម្មតា គ្រាន់​តែ​តម្លៃ​អាច​ធូរ​ជាង​មុន ហើយ​មនុស្ស​នៅ​តែ​ដើរ​ទិញ។ សម្រាប់​ក្រុមហ៊ុន​ ដែល​មាន​សេវាកម្ម​​លក់​អចលនទ្រព្យ​​លើកទី២​នេះ ក្រុមហ៊ុន​​ខ្លះ​រក​ចំណូល​មិន​បាន ឯ​ក្រុមហ៊ុន​ខ្លះ​ក៏​​រក​ចំណូល​បាន​ច្រើន គឺជា​រឿង​ធម្មតា ព្រោះ​ប្រទេស​យើង​សេដ្ឋកិច្ច​ទីផ្សារ​ស៊េរី។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានព្យាករថា នៅក្នុងឆ្នាំ២០២៣​នេះ សេដ្ឋកិច្ចកម្ពុជា​នឹងអាចសម្រេច​បាន​ក្នុងកំណើន ៥,៥% ជាមួយកម្រិតអតិផរណាទាបក្នុងរង្វង់ ២%។ កំណើន​សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងគាំទ្រ​ជា​ចម្បងដោយការនាំចេញទំនិញ និងការបន្ត​ងើបឡើង​លឿន​​នៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងៗ ​​ក្នុង​នោះ​រួមទាំង​​វិស័យ​អចលនទ្រព្យ​ផងដែរ៕