ឧកញ៉ា កែវ មុំ ដឹកនាំគណៈប្រតិភូសមាគមសហគ្រិនស្រ្តីកម្ពុជា ជួបសម្តែងការគួរសមលោកស្រី ចម និម្មល

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA)) ​​កាលពី​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ​​បាន​ដឹកនាំ​សមាជិក សមាជិកាក្រុមប្រឹក្សារបស់សមាគម ទៅធ្វើការជួបសម្តែងការគួរសម និងអបអរសាទរ លោកស្រី​ ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ក្នុងឱកាស​ដែល​លោកស្រី​ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាស​ជួបសម្តែងការគួរសមនេះដែរ​ លោកស្រីឧកញ៉ា​ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បាន​ធ្វើការជម្រាប​ជូន​ពីបច្ចុប្បន្នភាពទាក់ទង​នឹងសកម្មភាពបានអនុវត្ត ក៏ដូចជាបញ្ហាប្រឈម ដែលសហគ្រិនស្រ្តី​បានជួបប្រទះ​កន្លង​មក និងបានពិភាក្សាសំណះសំណាល ក៏ដូចសុំការផ្តល់យោបល់ពីលោកស្រី​រដ្ឋមន្ត្រី​ ដើម្បីពង្រឹង និងលើក​ទឹក​ចិត្តសហគ្រិនស្រ្តីបន្តទៅមុខទៀត។

លោកស្រីឧកញ៉ា​ កែវ មុំ ​ក៏បានថ្លែងអំណរគុណដល់ ​លោកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែល​បានអនុញ្ញាត និងទទួលស្វាគមន៍គណៈប្រតិភូសមាគមសហគ្រិនស្រ្តីកម្ពុជាយ៉ាងកក់ក្តៅជាទីបំផុត។

គួរ​បញ្ជាក់​ថា សមាគម​សហគ្រិន​ស្ត្រីកម្ពុជា ​ជា​អង្គការ​សមាជិក​មួយ​ ដែល​បាន​បង្កើត​ឡើង នៅ​ក្នុង​ឆ្នាំ២០១១ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​កិច្ចការ​នារី ដោយ​មាន​កិច្ចគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​សំណាក់​ធនាគារពិភពលោក និង​សហគ្រិនស្ត្រី​កម្ពុជា​ចំនួន ១៤​រូប។ ​សមាគមសហគ្រិនស្ត្រី​កម្ពុជា មាន​គោលបំណង​ជួយ​គាំទ្រ​ឱ្យ​ស្ត្រី​មាន​ការ​រីក​ចម្រើន​ផ្នែក​ធុរកិច្ច តាម​រយៈ​ការ​ផ្តល់​ឱ្យ​ស្ត្រី​នូវ​វេទិកា​ធុរកិច្ច និង​ឱកាស​រៀបចំ​បង្កើត​បណ្តាញ​ស្ត្រី​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ក៏​ដូចជា​គាំទ្រ​ដល់​ការ​បង្កើត​ប្រព័ន្ធ​អេកូសហគ្រិនភាព សម្រាប់​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា៕