លោកឧកញ៉ា ឃន ឈុនដារ៉ា ស្ថាបនិកក្រុមហ៊ុន KOI Thé Cambodia និងភរិយារបស់លោកគឺ អ្នកស្រី តាំង គីមហៀង កាលពីថ្ងៃទី៥ ខែតុលា ម្សិលមិញនេះ បានធ្វើពិធីសូត្រមន្តប្រោះព្រំលើករាសីឡើងភោជនីយដ្ឋានថ្មី ទំនើបបែបជប៉ុនទី៣ មានឈ្មោះថា «ឃីយ៉ូ សាប៊ូ» (KYŌ Shabu)។
លោកឧកញ៉ា បានលើកឡើងលើទំព័រហ្វេសប៊ុកថា នេះជាការសូត្រមន្តប្រោះព្រំ លើករាសីឡើងភោជនីយដ្ឋានថ្មីរបស់លោកឈ្មោះ “ឃីយ៉ូ សាប៊ូ” ជាភោជនីយដ្ឋានជប៉ុនបែបប្រណិតទី ៣ របស់លោក បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនមកលើហាងទី១ ឃីយ៉ូ អូម៉ាកាសេ (KYŌ Omakase) និងហាងទី២ ឃីយ៉ូ វ៉ាហ្ង៉ាយូ។
ហាងថ្មី ឃីយ៉ូ សាប៊ូ នេះ ស្ថិតនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមការបញ្ជាក់បន្ថែមពីឧកញ៉ា ឃន ឈុនដារ៉ា ហាងថ្មីនេះនឹងមាន ស៊ុបសាប៊ូ និងស៊ុបស៊ូគីយ៉ាគី ឆ្ងាញ់ៗ ដែលសម្រិតសម្រាំងឡើងដោយដៃ ឯកអគ្គចុងភៅ Kentaro Katsumata ក្នុងហាង ដែលមានការតុបតែង ស្អាត ប្លែក ទំនើប ស៊ីវីល័យ និងបរិយាកាសបែបជប៉ុន ពោរពេញដោយផាសុខភាព។
គួរបញ្ជាក់ថា ពាក្យ «ឃីយ៉ូ (KYŌ)» មានន័យថា អារម្មណ៍បែប សប្បាយរីករាយ កម្សាន្ដ ជប់លៀង និងអធិកអធម។ ចំពោះហាង KYŌ Omakase កន្លងមក ក៏ធ្លាប់មានអ្នកឧកញ៉ាលំដាប់មហាសេដ្ឋីនៅស្រុកខ្មែរជាច្រើនរូប ធ្លាប់អញ្ជើញទៅពិសារអាហារនៅទីនោះផងដែរ៕