កីឡាករជប៉ុន របស់ក្លិបបាល់ទាត់ភរិយាឧកញ៉ា១រូប បានចូលសញ្ជាតិលេងឱ្យជម្រើសជាតិកម្ពុជា

ជុំវិញ​ឧកញ៉ា

កីឡាករឆ្នើម​ Yudai Ogawa របស់​ជប៉ុន ​ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​លេង​នៅ​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន ​​បាន​​ទទួល​ការ​​អនុញ្ញាត​ឱ្យ​ចូល​សញ្ជាតិ​កម្ពុជា និង​​បាន​ជាប់​ឈ្មោះ​លេង​ឱ្យ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ​បន្ទាប់ពី​រូប​គេ​ ​បាន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា អស់​រយៈពេល ៥ឆ្នាំ​មក​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខ្សែ​​បម្រើ Yudai Ogawa កើត​នៅ​ឆ្នាំ១៩៩៦ ក្នុងទីក្រុង Kawasaki ​ប្រទេសជប៉ុន។ លោក​បាន​ឈានជើងលើទឹកដីអង្គរ ជាលើកដំបូងក្នុងវ័យត្រឹមតែ​ ២២ឆ្នាំ​ នៅឆ្នាំ២០១៨​ និង​បាន​ចូល​រួមជាមួយក្លិប​ក្រសួង​ការពារជាតិ ដែលបច្ចុប្បន្នជា កងយោធលខេមរភូមិន្ទ លើកិច្ចសន្យារយៈពេល ១​ឆ្នាំ។

មួយឆ្នាំក្រោយ​មក​ ក្លិប​អង្គរថាយហ្គឺរ នាថ្ងៃទី១៦​ ខែមករា ឆ្នាំ២០១៩​​ បាន​ទិញ​យក​ ក្រោមកិច្ចសន្យា ២ឆ្នាំ ជាទីកន្លែង ដែលរូបគេបានសាងភាពលេចធ្លោលើទីលាន រហូតត្រូវបាន ភ្នំពេញក្រោន ទាក់ទងយកទៅ​កាន់​រាជធានីវិញ នៅ២ឆ្នាំបន្ទាប់។

ថ្ងៃទី០១ ខែមករា ឆ្នាំ​​​​​​​​​​​​​​​​២០២១​ ភ្នំពេញក្រោន ក្រោម​ការ​ដឹកនាំ​របស់​​អតីត​ប្រធាន​ក្លិប​ លោក​ឧកញ៉ា ឬទ្ធី សំណាង (ទទួលមរណភាព) បាន​ចុះកិច្ចសន្យានាំយក Yudai ​ជាផ្លូវការ។ Yudai បានសាងភាពអស្ចារ្យជាច្រើន​ជាមួយ​​ក្លិប​ភ្នំពេញក្រោន​ ដោយ​បាន​​រួម​ចំណែកជួយក្លិបឈ្នះពានរង្វាន់ធំៗជាច្រើនដូចជា ៖ ខេមបូឌានព្រីមៀរលីគ ២លើក ខេមបូឌានស៊ូភើខាប់ ២លើក និងពានរង្វាន់ខេមបូឌានលីគខាប់ ២​លើកផងដែរ ក្រោមការ​ដឹកនាំ​ពី​​លោកស្រី ភូ ឈាលីន ជា​ប្រធាន​ក្លិប​ថ្មី​បន្ត​ពី​ស្វាមី។

នៅ​ព្រឹក​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣​នេះ​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការ​ពីការចូលរួម​របស់ Yudai ​ក្នុង​ក្រុមជម្រើសជាតិកម្ពុជា ក្រោយរូបគេបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ព្រមទាំងមានសមត្ថភាព​ពេញលេញ ដើម្បីពាក់អាវកងទ័ពអង្គរ ចាប់ពីឆ្នាំ២០២៣​នេះ​តទៅ៕