ដឹងអត់ថា សាលាអន្តរជាតិសៅប្រ៊ីដ របស់អ្នកឧកញ៉ា គិត ម៉េង មានប៉ុន្មានទីតាំងនៅកម្ពុជា?

ជុំវិញ​ឧកញ៉ា

សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា (Southbridge International School Cambodia) ​​ដែល​ជា​សាលា​​​​នាំ​យក​​​កម្មវិធីសិក្សា​ស្តង់ដារ​ពិភពលោក ពីចក្រភពអង់គ្លេស ក្រោម​ការ​វិនិយោគ​ពី​ស្ថាបនិក​ អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ​​​កំពុង​ពង្រីក​ខ្លួន​​​​សាខា​ទី២ នៅ​លើ​ទឹកដី​ជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ​​បាន​បើក​ដំណើរការ​​ជាផ្លូវការ​ជាលើកដំបូង​ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅ​បុរី​ប៉េងហួត បឹងស្នោរ ខណ្ឌ​ច្បារអំពៅ។ សាលា​នេះ​គឺ​ជា​ការវិនិយោគរួម​គ្នា​រវាងអ្នក​ឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​អ្នកឧកញ៉ា ថៃ ជាហួត ម្ចាស់​ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ក្រោម​ទុនវិនិយោគ​​ជំហ៊ាន​ដំបូង ១២លាន​ដុល្លារ​ នៅ​លើ​ដី​ទំហំ ៤ហិកតា។

កាលពីពេលថ្មីៗ​នេះ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ​​អ្នកឧកញ៉ា គិត ម៉េង ​​​​បាន​ប្រកាសកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់​គ្នា​ ជាមួយ​ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែល​មាន​លោកជំទាវ ហ៊ុន ម៉ាណា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ក្នុងការបង្កើត​សាលារៀនអន្តរជាតិ South Bridge International School Cambodia (SISC) ថ្មីមួយទៀត លើទឹកដី​ទីក្រុងអ័រគីដេ ដឹប៊ូតានិច ស៉ីធី តាមបណ្តោយផ្លូវជាតិ ៦អា ខណ្ឌ​ជ្រោយចង្វារ ដែល​នឹង​លេច​ចេញ​រូបរាង​ឡើង ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

សាលាអន្តរជាតិសៅប្រ៊ីដ ​​ជា​សាលា​ដែល​មានបទពិសោធន៍​អប់រំ​ និង​​មាន​សាខា​នៅ​ប្រទេស​ជា​ច្រើន។ សាលា​អន្តរជាតិសៅប្រ៊ីដ ផ្ដោតលើកម្មវិធីសិក្សាដែលទទួលស្គាល់ជាលក្ខណៈអន្ដរជាតិ ដែលបានទទួល​អាជ្ញាប័ណ្ណពី​ចក្រភពអង់គ្លេស។ សម្រាប់​សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ​​មាន​ទទួល​សិស្សានុសិស្ស​ចាប់ពី​កម្រិត​មត្តេយ្យ​សិក្សា រហូត​ដល់​ថ្នាក់ទី១២ ដែល​តម្លៃ​សិក្សា​ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា រាប់ពាន់ដុល្លារ ឬ​ម៉ឺនដុល្លារ ​ក្នុង​មួយ​ឆ្នាំៗ៕