អ្នកឧកញ៉ា ទ្រី ភាព ដឹកនាំរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តបទុមវតី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាព គ្រុប​ និងលោកស្រី​អ្នកឧកញ៉ា គៀន ស្រីនាង ​​​ព្រម​ទាំង​បងប្អូន​ក្រុមគ្រួសារ ញាតិមិត្ត​ជិត​ឆ្ងាយ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​​បុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តបទុមវតីរាជវរារាម ហៅវត្តបទុមវតី រាជធានីភ្នំពេញ កាលពី​រសៀល​ថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​រៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី១០ របស់​អ្នកឧកញ៉ា ទ្រី ភាព​ និង​លោកស្រី​អ្នកឧកញ៉ា គៀន ស្រីនាង ​គឺ​ក្នុងឱកាសដ៏សោមនស្សរីករាយនៃពិធីបុណ្យប្រពៃណីជាតិ ដែលប្រជា​ពុទ្ធ​បរិស័ទកម្ពុជា មានសេចក្តីអំណរសាទរក្លៀវក្លា និងសាមគ្គីធ្វើបុណ្យធ្វើទានដោយសេចក្តីជ្រះថ្លា នារដូវកាល​បុណ្យ​កាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅតាមទីអារាមនានា ដើម្បីទទួលយកនូវកុសលផលបុណ្យរៀងៗខ្លួន និងជាការរួម​ចំណែក​លើកតម្កើងវិស័យព្រះពុទ្ធសាសនា។

ជាកិច្ចចាប់ផ្ដើមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០នេះ អ្នកឧកញ៉ា ទ្រី ភាព និងលោកស្រី​អ្នកឧកញ៉ា គៀន ស្រីនាង បានអញ្ជើញអុជទានធូប បូជាផ្កាភ្ញី ថ្វាយ និងបួងសួងរំលឹកដល់គុណ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ មុននឹងចាប់ផ្ដើមនមស្សការព្រះរតនត្រៃ។

នៅក្នុងបរិយាកាសប្រកបដោយសទ្ធា និងសេចក្ដីជ្រះថ្លានេះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះចៅអធិការវត្តបទុមវតីរាជវរារាម ព្រមទាំងព្រះសង្ឃ បានធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល រួមទាំងមាន​ព្រះធម្មវិសេសទេសនា សម្ដែងដោយព្រះភិក្ខុកិត្តិបាលោ ពេញ វិបុល មន្ត្រីសង្ឃ​ក្នុងវត្តខាងលើ៕