សម្តេចតេជោ ថ្លែងអំណរគុណដល់ ឧកញ៉ា ហេង ឡុង ដែលបានដឹកនាំផលិតភាពយន្តចម្រៀងពីជីវិតសម្តេច

ជុំវិញ​ឧកញ៉ា

សម្តេចតេជោ ហ៊ុន​ សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ​​កាលពី​រសៀល​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ​​​​បាន​ថ្លែង​អំណរគុណ​ដល់​លោក​ឧកញ៉ា ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈស្ម័គ្រ​ចិត្ត​ជួយ​សង្គម និង​ជា​ផលិតករ​ក្នុង​ការ​ដឹកនាំ​ផលិត​ភាព​យន្ត​ចម្រៀង ដែល​បាន​ដឹកនាំ​​ផលិត​ភាពយន្ត​ចម្រៀង​​​​ទាក់ទង​នឹង​ជីវិត​ពិត​របស់​សម្តេច ចំនួន ២បទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ឱកាស​អញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោម​ពន្លឺព្រះចន្ទពេញបូណ៌មី» នៅ OCIC ជ្រោយចង្វារ សម្តេច​តេជោ បាន​ថ្លែង​ថា សម្តេច​សូមអរគុណ​ចំពោះ​ឧកញ៉ា ហេង ឡុង​ ដែល​ដឹកនាំ​សម្តែង​ទាក់ទង​នឹង​ការ​ថត​ភាពយន្ត​ចម្រៀង​​មួយ​ផ្នែក​ទៀត​គឺ «ទុក្ខស្រីប្តីព្រាត់» និង «ជីវិតក្មេងវត្ត» ហើយ​ដែល​​ពេល​​នេះ​​ក៏​​មាន​ការ​ចូលរួម​ចំនួន​ ៥០នាក់ ដែល​មក​ទទួលមេដាយ​​ផងដែរ។

លោកឧកញ៉ា ហេង ឡុង បាន​​បង្ហោះសារ​លើ​ទំព័រហ្វេសប៊ុក នៅ​ព្រឹក​ថ្ងៃទី១០ ខែតុលា​នេះ​ យ៉ាង​ដូច្នេះ​ថា៖ ” ខ្ញុំ​បាទ​ពិតជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បំពាក់មេដាយជាតូបការ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទពេញបូណ៌មី» ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣”។

សូម​ជម្រាប​ថា ចម្រៀង​ភាពយន្ត​​ប្រវត្តិសាស្ត្រ​ «ជីវិតក្មេងវត្ត» ​ត្រូវបានដាក់សម្ពោធ​ផ្សព្វផ្សាយជាសាធារណៈ កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ខណៈ​ដែល​ចម្រៀង​ភាពយន្ត «ទុក្ខស្រីប្តីព្រាត់» បាន​ធ្វើ​ពិធីដាក់សម្ពោធ​បញ្ចាំង​ជាផ្លូវការ នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។ ​ចម្រៀង​ភាពយន្ត​ប្រវត្តិសាស្ត្រ​ទាំង​ ២បទ​នេះ​ ​ផលិតដោយ​សមាគមសិល្បករខ្មែរ ដែលមានផលិតករ គឺលោកស្រី ចន ច័ន្ទលក្ខិណា, ឧកញ៉ា ហេង ឡុង និងឧកញ៉ា អ៉ឹង លីហេង, ដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង និងឧបត្ថម្ភសម្ភារៈ​ កាម៉េរាថត​ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ៕