ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ«យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨»ធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
នៅក្នុងពិធីនោះ ក៏មានអ្នកឧកញ៉ាជាច្រើនរូបចូលរួម ដែលតំណាងវិស័យឯកជន និងជាម្ចាស់ក្រុមហ៊ុនធំៗនៅកម្ពុជា រួមមាន អ្នកឧកញ៉ា លី ហួរ,អ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា សៀ ឬទ្ធី, អ្នកឧកញ៉ា វិញ ហ៊ួរ, អ្នកឧកញ៉ា ហ៊ុន ឡាក់, និងអ្នកឧកញ៉ា ហ៊ឺ បាវី ផងដែរ។
គួរជម្រាបផងដែរថា “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” ត្រូវបានអនុម័តជាផ្លូវការនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ និងបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលានេះ ដោយយុទ្ធសាស្ត្រនេះនឹងជួយលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ ក៏ដូចជាពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដើម្បីធានាភាពធន់ ភាពប៉ាន់ប្រមាណបាន រួមទាំងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្មមុខរបរព្រមទាំងការងារចិញ្ចឹមជីវិត៕