ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជារបស់អ្នកឧកញ៉ា ពុង ឃាវសែ បានឈ្នះពានរង្វាន់ Cambodia Technology Excellence Award in Digital Banking នៅក្នុងកម្មវិធី Asian Technology Excellence Award ឆ្នាំ២០២៣ ពីស្ថាប័ន Asian Business Review ដែលជាស្ថាប័នព័ត៌មានវិភាគផ្នែកហិរញ្ញវត្ថុ និងអាជីវកម្ម ដ៏មានកិត្តិនាមមួយក្នុងទ្វីបអាស៊ី កាលពីពេលថ្មីៗនេះ។
ពានរង្វាន់នេះបញ្ជាក់យ៉ាងច្បាស់អំពីការទទួលស្គាល់ឧត្តមភាពរបស់គម្រោងបរិវត្តកម្មឌីជីថលរបស់ធនាគារ កាណាឌីយ៉ា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្ត ដើម្បីនាំយកមកនូវផលិតផល និងសេវាកម្មធនាគារដ៏ល្អជូនទៅកាន់អតិថិជនរបស់ខ្លួន។ គម្រោងបរិវត្តកម្មឌីជីថលរបស់ធនាគារ កាណាឌីយ៉ា បានបានបង្កើនល្បឿនរបស់ខ្លួនចាប់ពីឆ្នាំ២០២០ ហើយបានដំណើរការពេញសមត្ថភាព នៅពីឆ្នាំ២០២២។ ស្នូលនៃគម្រោងបរិវត្តកម្មឌីជីថលរបស់ ធនាគារ កាណាឌីយ៉ា មានដូចជាការដាក់ឱ្យប្រើប្រាស់នូវកម្មវិធី Canadia Bank App ការពង្រីកនូវសាខា Smart Bank និងប្រព័ន្ធអេកូឌីជីថលពេញលេញសម្រាប់អាជីវកម្ម ជាដើម។
លោក Raymond Sia នាយកប្រតិបត្តិ និងសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា៖ “យើងខ្ញុំមានសេចក្តីសោមន្សរីករាយណាស់ ដែលបានទទួលពានរង្វាន់មានការទទួលស្គាល់ពីគម្រោងបរិវត្តកម្មឌីជីថល និងការខិតខំប្រឹងប្រែងរបស់យើងទៅលើនវានុវត្តន៍ និងនាំយកនូវសេវាកម្មធនាគារដែលមានគុណភាពខ្ពស់ទៅកាន់អតិថិជន។ យើងខ្ញុំនឹងបន្តវិនិយោគទៅលើធនធានមនុស្ស និងបច្ចេកវិទ្យា ដើម្បីនាំយកមកនូវផលិតផល ដំណោះស្រាយ និងសេវាកម្មធនាគារ ប្រកបដោយគំនិតច្នៃប្រឌិត ដើម្បីបន្តជា ដៃគូហិរញ្ញវត្ថុដ៏ល្អ សម្រាប់អតិថិជន”។
គួរបញ្ជាក់ថា ធនាគារ កាណាឌីយ៉ា ដែលមានវត្តមានលើទីផ្សារហិរញ្ញវត្ថុកម្ពុជា រយៈពេលជាង៣០ឆ្នាំ បានបើកដំណើរការដំបូង កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩១។ ធនាគារ ដែលមានអ្នកឧកញ៉ា ពុង ឃាវសែ ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលមួយនេះ នៅឆ្នាំ២០២២ បានឈ្នះពានរង្វាន់ធំៗជាច្រើន រួមទាំងពានធនាគារក្នុងស្រុកល្អបំផុត (Best Domestic Bank in Cambodia) និងពានក្រុមហ៊ុនក្នុងក្តីស្រមៃចង់បម្រើការនៅកម្ពុជា (Dream Company to Work For in Cambodia) ដែលទទួលស្គាល់ពី World HRD Congress ផងដែរ៕