សមាគមព្រះធម៌ ដើម្បីអប់រំយុវជន (DYEA) ដែលមានគោលដៅដឹកនាំអប់រំយុវជន ឱ្យគាំទ្រវិស័យព្រះពុទ្ធសាសនានៅកម្ពុជា បង្កើតឡើងដោយលោកឧកញ៉ាបណ្ឌិត យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន SENG HAN CO.,LTD បានប្រកាសបើកសម្ពោធដំណើរការជាផ្លូវការយ៉ាងអធឹកអធម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ។
លោកឧកញ៉ា យ៉ន សេងហាន ប្រធានសមាគម បានលើកឡើងថា ដោយសារតែលោកជាអ្នកបួសរៀន និងយល់ដឹងច្រើនពីវិស័យព្រះពុទ្ធសាសនា ទើបលោកឧកញ៉ា តែងដឹកនាំក្រុមការងារ និងយុវជនជាហូរហែរកន្លងមក ដើម្បីធ្វើសកម្មភាពស្តាប់ព្រះធម៌អប់រំចិត្ត ហើយដោយសារមានសមាជិកកាន់តែច្រើន និងកត់សម្គាល់ឃើញថា សកម្មភាពស្តាប់ព្រះធម៌ និងធ្វើសម្មាធិអប់រំចិត្តនេះ មានប្រយោជន៍ច្រើនសម្រាប់អ្នកអនុវត្តន៍ និងចង់ឱ្យយុវជនកាន់តែច្រើន បានចូលរួមផង ទើបជំរុញឱ្យឈានដល់ការបង្កើតសមាគមព្រះធម៌នេះឡើង។
លោកឧកញ៉ា បានបន្ថែមថា ការបង្កើតសមាគមនេះ ក៏ដើម្បីកៀរគរអ្នកប្រាជ្ញា និងអ្នកចេះដឹងទាំងអស់ ពិសេសអ្នកធ្លាប់បួស ដែលមានចំណេះដឹងច្រើន រួមចំណែកក្នុងការចូលរួមផ្សព្វផ្សាយព្រះធម៌ជូនដល់សាធារណៈជន។
ពិធីសម្ពោធសមាគមនេះ មានការចូលរួមពីអ្នកមុខអ្នកការ និងយុវជន ដែលមានឆន្ទៈគាំទ្រព្រះពុទ្ធសាសនា។ ក្នុងពិធីនេះក៏មានការតែងតាំង ប្រធានកិត្តិយស អនុប្រធាន ក្រុមប្រឹក្សាភិបាល និងឧត្តមទីប្រឹក្សាជាន់ខ្ពស់ ដល់ឥស្សរជនមួយចំនួន ដើម្បីឱ្យជួយទ្រទ្រង់ដល់សកម្មភាពរបស់សមាគម មានដូចខាងក្រោម៖
លោក ជាតិ ប្រុស ជាអនុប្រធាន
លោក អាត រិទ្ធី ជា អនុប្រធាន
លោក ប្រាក់ សារ៉េន ជា អគ្គលេខាធិការ
លោក រ៉ុន សារ៉ាត់ ជា អគ្គលេខធិការរង
លោកជំទាវ ម៉ៃ សុមាលី ជា ប្រធានហិរញ្ញវត្ថុ
លោកស្រី យ៉ូ សុរីយ៉ា ជា ប្រធារដ្ឋបាល
លោកគ្រូ ធម្មាចារ្យ ជា សុមាលា ជា ប្រធានអប់រំ និងផ្សព្វផ្សាយ។
សូមជម្រាបថា សមាគមព្រះធម៌ ដើម្បីអប់រំយុវជន (DYEA) បង្កើតឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងព្រះពុទ្ធសាសនាទៅកាន់ប្រជាជាតិខ្មែរ អប់រំសីលធម៌ដល់យុវជន ចូលរួមចំណែកអភិវឌ្ឍន៍ជាតិ និងផ្តល់ពុទ្ធិដល់យុវជនជំនាន់ក្រោយ។ ជាមួយគ្នានេះ សមាគមមានបេសកកម្មចម្បងៗដូចជា៖ បង្កើតកម្មវិធីសាកច្ឆាជារៀងរាល់ថ្ងៃសីល មានការចូលរួមពីវាគ្មិនដែលមានចំណេះដឹងខ្ពស់ បើកវគ្គសិក្សាព្រះធម៌ កម្មវិធីផ្សព្វផ្សាយនិងដោះស្រាយបញ្ហានានាតាមអនឡាញ និងកម្មវិធីជួបជុំយុវជនប្រចាំត្រីមាសនិងឆមាស៕