ការនាំចូលផលិតផលមកពីក្រៅប្រទេស ដែលមិនមានស្ដង់ដារនៃការផលិតត្រឹមត្រូវ ហើយនាំមកនូវតម្លៃទាប បានធ្វើឱ្យ ផលិតផលដែលផលិតក្នុងស្រុក មានការលំបាកក្នុងការចរាចរណ៍លើទីផ្សារ។ នេះបើតាមការលើកឡើងរបស់លោកជំទាវឧកញ៉ា កែវ មុំ ក្នុងឱកាសដែលរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មចុះទស្សកិច្ច ខ្សែច្រវ៉ាក់ផលិតកម្ម នំស្រួយលីលី។
នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ រួមជាមួយឯកឧត្តម លោកជំទាវ ប្រមាណជា១៥នាក់ បានចុះទស្សនកិច្ច ខ្សែច្រវ៉ាក់ផលិតកម្ម នំស្រួយលីលី នៅក្នុងក្រុមហ៊ុន លីលីហ្វូត។
នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ គឺក្នុងបំណងចុះមកមើលការផលិត នូវផលិតផលរបស់ខ្មែរ ដែលបានប្រើប្រាស់កសិផលក្នុងស្រុក ធ្វើដោយស្នាដៃកូនខ្មែរ ថាតើមានស្ដង់ដារ គុណភាព សុវត្ថិភាពដែរឬទេ?
ក្រោយពីទស្សនកិច្ចពីខ្សែក្រវ៉ាក់ផលិតកម្ម នំស្រួយលីលី រួច ឯកឧត្តមរដ្ឋមន្ត្រី មានការគាំទ្រ និងលើកទឹកចិត្តដល់លោកជំទាវឧកញ៉ា កែវ មុំ ខិតខំបន្តទៅទៀត នឹងកែតម្រូវនូវភាពខ្វះខាតមួយចំនួន។
ក្នុងជំនួបនេះ លោកជំទាវឧកញ៉ា បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ដែលបានចំណាយពេលវេលាក្នុងការមកចុះទស្សនកិច្ចផ្ទាល់ ព្រមទាំងបានលើកយកបញ្ហាប្រឈមមួយចំនួន ស្នើដល់ក្រសួងឧស្សាហកម្មជួយដោះស្រាយ។
លោកជំទាវឧកញ៉ា កែវ មុំ បានលើកឡើងពីបញ្ហាថា បច្ចុប្បននេះ ការនាំចូលផលិតផលក្លែងក្លាយ ពីក្រៅប្រទេស មានចំនួនច្រើន និងមានតម្លៃទាប ដែលជាហេតុធ្វើឱ្យផលិតផលក្នុងស្រុកពិបាកក្នុងការលក់។ សព្វថ្ងៃ ម៉ាស៊ីនសម្ងួតនំមួយចំនួនក្នុងក្រុមហ៊ុនលីលី ត្រូវបានផ្អាក ព្រោះការលក់មិនដំណើរការ ។
លោកជំទាវឧកញ៉ា បានបញ្ជាក់ថា លំហូរនៃការលក់អនឡាញមានចំនួនច្រើន អ្នកកម្ម៉ង់ទិញឃើញតែរូបក្នុងទូរស័ព្ទ គិតថាឆ្ញាញ់ គិតថាល្អ ចុងក្រោយ នំសម្ងួតទាំងនោះបានធ្វើឱ្យប៉ះពាល់សុខភាពអ្នកទទួលទាន ដែលជាហេតុ ធ្វើឱ្យប្រជាជនក្នុងស្រុកមិនមានការជឿទុកចិត្ត លើផលិតផលរបស់ខ្មែរជាពិសេស នំបន្លែសម្ងួត របស់លីលីហ្វូត។
ជាការឆ្លើយតបលើបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីថា ក្រសួងឧស្សាហកម្ម នឹងពិនិត្យមើលលើបញ្ហានេះ ដោយពិភាក្សាជាមួយក្រុមការងារក្នុងការជួយជំរុញផលិតផលរបស់ខ្មែរឱ្យចរាចរណ៍លើទីផ្សារកាន់តែទូលំទូលាយ។ ភ្ជាប់ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី នឹងស្នើទៅគណៈកម្មការរៀបចំបុណ្យជាតិ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ នាពេលខាងមុខ ស្នើរៀបចំឱ្យមានការដាក់តាំងពិពណ៌ផលិតផលក្នុងស្រុក ដោយដាក់ជាផ្ទាំងសំណាញ់ LED ដើម្បីឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាជនបរទេស ដឹងអំពីផលិតផលក្នុងស្រុកថា មានគុណភាព ស្ដង់ដា អនាម័យល្អ ព្រមទាំងជាការគាំទ្រ លើកទឹកចិត្ត ដល់សហគ្រិនក្នុងស្រុក។
លោកជំទាវ ឧកញ៉ា កែវ មុំ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី ព្រមទាំងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា មានក្ដីរំពឹងយ៉ាងមុតមាំថា ក្រោមការជួយជ្រុំជ្រែងពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ថ្នាក់ដឹកនាំក្រសួង ជាពិសេសព័ត៌មានអំពីការក្លែងបន្លំផលិតផលនេះ នឹងបានឮដល់ថ្នាក់ដឹងនាំតាមបណ្ដារក្រសួងនានា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយទប់ស្កាត់ផលិតផលក្លែងក្លាយ ហើយជួយជំរុញផលិតផលក្នុងស្រុក។
សូមជម្រាបជូនផងដែរថា ក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី បង្កើតឡើងក្នុងឆ្នាំ២០០២ ដោយលោកជំទាវ ឧកញ៉ា កែវ មុំ ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ផលិតផលម្ហូបអារហារ ដែលមានគុណភាព អនាម័យនៅលើទីផ្សារជាតិនិងអន្តរជាតិ ព្រមទាំងផ្ដល់នូវជីវភាពល្អប្រសើរដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការបង្កើត និងអនុវត្តយុទ្ធសាស្រ្តនិរន្តភាព។បច្ចុប្បន្ននេះហ៊ុនក្រុមលីលីហ្វូត មានផលិតផលជាច្រើន ដូចជា នំប៉ោង នំដំឡូង នំបំពង នំព្រិល និងនំបន្លែផ្លែឈើជាច្រើនប្រភេទ៕ អត្ថបទ៖ សុកធា