គិតត្រឹមរយៈពេល៩ខែ ឆ្នំា២០២៣ កសិផលរបស់កម្ពុជាបាននាំចេញទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកតាមលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប៥,៥លានតោន ក្នុងនោះអង្ករចំនួន៤៥ម៉ឺនតោន ស្រូវមានចំនួន១,៨លានតោន និងកសិផលក្រៅពីស្រូវអង្ករចំនួនជាង៣,៣លានតោនទៅកាន់ទិសដៅ៧១ប្រទេស ហើយបើគិតជាទំហំសាច់ប្រាក់មានជាង៣ពាន់លានដុល្លារអាមេរិក ។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
របាយការណ៍ខាងលើគូសបញ្ជាក់ថា “ក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះតាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល មានចំនួន ជាង៣.២១៣លានដុល្លាអាមេរិក ដែលក្នុងនោះតម្លៃពីការនាំចេញអង្ករមានជាង៣៩៤លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានជាង៦៥៨លានដុល្លារអាមេរិក និងតម្លៃពីការនំាចេញកសិផលក្រៅពីស្រូវ អង្ករមានជាង២.១៥៩លានដុលា្លរអាមេរិក”។
អ្នកឧកញ៉ា ហ៊ុន ឡាក់ ដែលបានវិនិយោគទៅលើដំំណំាចេកអំបូងលឿងនៅក្នុងប្រទេសមួយរូបមានប្រសាសន៍ថា “ចេកអំបូងលឿងនេះយើងបានដឹងហើយថា ដំណំាចេញនេះ កម្ពុជាយើងទើបធ្វើបានក្នុងអំឡុងឆ្នំា២០១៦ ហើយសន្ទុះនៃការផលិតនិងការនាំចេញគឺមានការកើនឡើងជាលំដាប់។ ចាប់តំាងពីឆ្នំាដំបូងការនាំចេញមានតែប៉ុន្មានពាន់តោនទេ តែនៅប៉ុន្មានឆ្នំាចុងក្រោយ ចុងឆ្នំា២០២២នេះឡើងរហូតដល់ជាង៣សែនតោន។ដូចនេះយើងឃើញថាការនាំចេញផ្លែចេកអំបូងលឿនទៅបរទេសមានកំណើនកើនឡើងជាកំហុក ពិសេសនាំចេញទៅទីផ្សារប្រទេសចិន ហើយខ្ញុំមើលឃើញថាចិននៅតែពេញនិយមនិងគំាំទ្រផ្លែចេករបស់កម្ពុជា”។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបង្ហាញថា នៅក្នុងខែកញ្ញាកន្លងទៅ ផ្លែចេកស្រស់របស់កម្ពុជាបាននាំចេញទៅទីផ្សារខាងក្រៅមានចំនួន១៨ពាន់តោន ហើយបើគិតត្រឹមរយៈពេល៩ខែឆ្នំា២០២៣ផ្លែចេកស្រស់បាននាំចេញមានជាង២១៥ពាន់តោន ពោលធ្លាក់ចុះប្រមាណ២៩% បើប្រៀបធៀបនឹងពេលដូចគ្នាឆ្នំាមុន។
ទាក់ទងនិងការនាំចេញកសិផលក្នុងរយៈពេល៩ខែឆ្នំា២០២៣នេះ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម គូសបញ្ជាក់ថា ការនាំចេញកសិផលក្នុងរយៈពេល៩ខែឆ្នំា២០២៣នេះ នៅតែបន្តថយចុះចំនួន១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២២ ដោយសារ៖១)- វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិនៃការឡើងថ្លៃទំនិញជាទូទៅ ឬវិបត្តិអតិផរណា បានបន្តអូសបន្លាយធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើងកាន់តែខ្ពស់នៅក្នុងទីផ្សារ ដែលបង្កផលប៉ះពាល់យ៉ាងខ្លំាងដល់ប្រជាជននៅក្នុងបណ្តាប្រទេសដែលមានចំណូលទាប ហើយមានកម្រិតបំណុលសាធារណៈខ្ពស់ជាហេតុបណ្តាលឱ្យប្រទេសទំាងនោះមានបញ្ហាខ្វះថវិកា ដោយបញ្ជាការទិញស្បៀងអាហារចំាបាច់តែប៉ុណ្ណោះ។ ២)-ការនាំចេញដោយមិនប្រើវិញ្ញាបនបត្រភូតគាមអនាម័យមានបរិមាណច្រើន ដែលជាបញ្ហាក្នុងការកត់ត្រាទិន្នន័យនាំចេញឱ្យបានច្បាស់លាស់ផងដែរ។ ៣)-ការរឹតត្បិតលើការនាំចេញស្បៀងអាហាររបស់ប្រទេសមួយចំនួន បណ្តាលឱ្យតម្លៃស្រូវនៅកម្ពុជា ហក់ឡើងខ្ពស់ ជាហេតុនាំឱ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនធំប្រមូលទិញស្រូវបានបរិមាណតិច ដោយសារតម្លៃថ្លៃមិនហ៊ានប្រថុយក្នុងការទិញស្រូវស្តុកទុក សម្រាប់កិនអង្ករនាំចេញ ទន្ទឹមនឹងតម្លៃទីផ្សារអង្ករនៅលើពិភពលោកមានកំណើនតីចតួចតែប៉ុណ្ណោះ។ ប៉ុន្តែយើងសង្កេតឃើញមានការនាំចេញស្រូវចេញដោយមិនមានវិញ្ញាបនបត្រភូតគាមអនាម័យទៅប្រទេសវៀតណាមមានច្រើន និង ៤)-ចំពោះទីផ្សារអង្ករនាំចេញទៅប្រទេសឥណ្ឌូណេស៊ី ក្រុមហ៊ុនហ្គ្រីនត្រេដ បានសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា កំពុងចរចារដើម្បីលក់អង្ករចំនួន ១០ ០០០តោន សម្រាប់កិច្ចសន្យាលើកទី១ដេលការណ៍នេះកំពុងស្ថិតក្នុងដំណាក់កាលនៃការចុះហត្ថលេខាជាមួយក្រុមប៊ូលុក ដែលគ្រោងនឹងធ្វើការនាំចេញក្នុងអំឡុងខែវិច្ឆិកា-ធ្នូ ខាងមុខនេះ៕ អត្ថបទ៖សារេត