លោកស្រី លី ផល្លី អគ្គនាយិកាក្រុមហ៊ុន វីនហេង រចនាដែកស្មិត ឯ.ក បានចែករំលែកពីវិធីសាស្ត្រផ្ទាល់ខ្លួនខ្លះៗ សម្រាប់ការលក់ផលិតផល ឬសេវាកម្ម ជូនដល់ភ្ញៀវដែលមានឋានៈខ្ពង់ខ្ពស់ លំដាប់អភិជន ឧកញ៉ា ឬអ្នកឧកញ៉ា។

លោកស្រីអគ្គនាយិកា បានលើកឡើងក្នុងបទសម្ភាសន៍មួយថា ជាទូទៅអតិថិជនគោលដៅរបស់យើង គឺជាអ្នកមាន ជាអ្នកដែលមានធនធាន មានវីឡារស់នៅ។ ដូច្នេះពួកគាត់ប្រហែលជាមិនសូវមានពេលច្រើននោះទេ ហើយជាធម្មតាពួកគាត់រវល់ច្រើន។ ទោះយ៉ាងណា ភាពជោគជ័យរបស់លោកស្រី គឺការដឹងពេលវេលាទំនាក់ទំនងទៅកាន់ពួកគាត់ ថាគួរទាក់ទងទៅនៅពេលណា។ ដូច្នេះយើងត្រូវដឹងថា ទី១ តើម៉ោងណាគាត់អាចឆ្លើយតបបាន? ទី២ តើទំនាក់ទំនងជាមួយគាត់ដោយរបៀបណា? ទៅជួបផ្ទាល់ ផ្ញើសារ ឬហៅតាមទូរស័ព្ទ? ឧទាហរណ៍ សម្រាប់ការជួបពួកគាត់លើកទី១ យើងមិនដឹងថាពួកគាត់ទំនេរពេលណានោះទេ ប៉ុន្តែយើងជាអ្នកលក់ ត្រូវមានជំនាញខាងស៊ើប និងត្រូវស៊ើបពីអ្នកនៅជិតៗខ្លួនគាត់។ យើងមិនមែនសុខៗទាក់ទងទៅពួកគាត់តែម្តង ឬហៅទូរស័ព្ទទៅពួកគាត់នោះទេ ព្រោះអាចរំខានដល់ការងាររបស់គាត់។
«ពេលយើងដឹងម៉ោងគាត់ទំនេរហើយ យើងត្រូវដឹងទៀតថា តើគាត់ជាមនុស្សចូលចិត្តស្តាប់សំឡេង ឬចូលចិត្តអានអក្សរ? បើគាត់ចូលចិត្តអានអក្សរ យើងត្រូវផ្ញើសារ បើគាត់ចូលចិត្តស្តាប់សំឡេង យើងអាចផ្ញើជាសំឡេងបាន ឬហៅតាមទូរស័ព្ទតែម្តង»។ លោកស្រី បានបន្ត។
ចំណុចបន្ទាប់គឺត្រូវណាត់ជួបពួកគាត់ ព្រោះជាទូទៅអតិថិជន គ្រាន់តែស្តាប់សំឡេង ឬនិយាយតាមទូរស័ព្ទ មិនទាន់អាចឱ្យគាត់ជឿជាក់លើយើង ១០០%នោះទេ។ យើងអាចសុំណាត់ជួបគាត់នៅការិយាល័យរបស់គាត់ នៅឬទីកន្លែងណាមួយក៏បាន ឱ្យតែគាត់បើកឱកាសឱ្យយើង។ បន្ទាប់មក យើងត្រូវរៀបចំខ្លួនឱ្យបានល្អ ដើម្បីជួបគាត់។ ធម្មតាអ្នកដែលមានឋានៈខ្ពស់ មិនសូវចំណាយពេលជាមួយយើងច្រើនទេ ដូច្នេះយើងត្រូវត្រៀមទាំងអស់ ត្រូវកត់ត្រាទុកឱ្យហើយ និងត្រូវនិយាយឱ្យស្គាល់គ្នាជាមុនសិន ចាំនិយាយពីការលក់ផលិតតាមក្រោយ។ ចំណុចពិសេសមួយទៀត ក្រោយពេលជួបហើយ យើងត្រូវឧស្សាហ៍បន្តទំនាក់ទំនងសួរនាំពួកគាត់បន្ថែមទៀត ដើម្បីឱ្យគាត់សម្រេចចិត្តជ្រើសរើសយកផលិតផលរបស់យើង។
សូមជម្រាបថា លោកស្រី លី ផល្លី កើតឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ មានបងប្អូនបង្កើតចំនួន ៥នាក់ ក្នុងគ្រួសារមួយ ដែលមានប្រវត្តិធ្លាប់រស់នៅក្នុងសំណង់អនាធិបតេយ្យ។ ដោយសារតែជីវភាពគ្រួសារមិនសូវធូរធាពេលនោះ លោកស្រីបានតស៊ូរៀនសូត្របណ្តើរ និងធ្វើការបណ្តើរ ដោយចេញធ្វើការតាំងពីថ្នាក់ទី៩ ហើយធ្លាប់ធ្វើជាអ្នកចែកខិតប័ណ្ណតាមផ្លូវ បុគ្គលិកអនាម័យ និងការងារជាច្រើនប្រភេទទៀត អស់រយៈពេលជាង ១៥ឆ្នាំ។ ទោះយ៉ាងណា លោកស្រី បានតស៊ូសិក្សាចប់បរិញ្ញាបត្រ លើជំនាញគ្រប់គ្រងអាជីវកម្ម។
នៅខែវិច្ឆិកា ឆ្នាំ២០១៥ លោកស្រី លី ផល្លី បានប្រមូលប្រាក់សន្សំពីការងារ ធ្វើជាដើមទុន ដោយមានអ្នកចូលរួម សរុបចំនួន ៥នាក់ ចាប់ផ្តើមបង្កើតសិប្បកម្មផលិត និងតម្លើងទ្វាររបង ទ្វារផ្ទះ និងគ្រឿងសង្ហារឹមបែបសិល្បៈកែច្នៃពីដែកស្មិត នៅលើទីតាំងដីមួយកន្លែង ដែលមានទំហំប្រមាណ ៥x២០ម៉ែត្រ។ ដំណើរការរយៈពេល៤ឆ្នាំ ជំនួញរបស់លោកស្រី បានវិវត្តពីជំនួញបែបលក្ខណៈគ្រួសារទៅជាក្រុមហ៊ុនមានលក្ខណៈពេញលេញ ដែលមានការទទួលស្គាល់ និងគាំទ្រ ថាជាក្រុមហ៊ុនដែកស្មិតខ្មែរ មានជំនាញជាក់លាក់ និងចាស់លាស់៕



