ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យលោក ខុត សីហា នាយកប្រតិបត្តិក្រុមហ៊ុន អូខេអិន មេឌា និងក្រុមការងារគេហទំព័រឧកញ៉ាញូស៍ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបខាងលើនេះ លោក ខុត សីហា បានអបអរសាទរដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងអាណត្តិថ្មី នៃរាជរដ្ឋាភិបាល ព្រមទាំងសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំមួយចំនួនពីឯកឧត្តមរដ្ឋមន្ត្រី។ បន្ថែមពីនោះ ក្រុមការងារក៏បានជូនកាដូជាកន្ត្រកផ្លែឈើ និងគោរពជូនពរដល់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរផងដែរ។

ក្នុងជំនួបនោះ ឯកឧត្តម នេត្រ ភក្ត្រា សូមកោតសរសើរដល់ក្រុមការងារឧកញ៉ាញូស៍ ដែលបានជ្រើសរើសមាតិកា (Contents) សម្រាប់ការផ្សព្វផ្សាយបានត្រឹមត្រូវល្អ បែបវិជ្ជមាន និងមានសារៈប្រយោជន៍ដល់សង្គម ហើយបានគោរពក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានបានល្អខ្ជាប់ខ្ជួន។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារឱ្យបន្តអនុវត្តលើ ៤ចំណុច រួមមាន៖ គោរពក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ការជ្រើសរើសមាតិកាផ្សាយ ល្បឿនចេញផ្សាយ និងព័ត៌មានប្រកបដោយគុណភាព ខណៈដែលឯកឧត្តម បានសង្កត់ធ្ងន់ដូច្នេះថា៖ «គុណភាពព័ត៌មានជាចំណុចសំខាន់នៃការស្លាប់រស់របស់ស្ថាប័នសារព័ត៌មាន»។

សូមជម្រាបថា ឧកញ៉ាញូស៍ ជាសារព័ត៌មានដែលផលិតមាតិកាផ្តោតចម្បងលើសេចក្តីរាយការណ៏ព័ត៌មានជុំវិញឧកញ៉ា អ្នកឧកញ៉ា មហាសេដ្ឋីពិភពលោក សេដ្ឋកិច្ច ពាណិជ្ជកម្ម សហគ្រិនភាព និងកិច្ចសម្ភាសជាធុរជនល្បីៗ ប្រកបដោយភាពទាន់សម័យបង្កើនផលវិជ្ជមាន និងកាត់បន្ថយផលអវិជ្ជមានណា ដែលប៉ះពាល់ដល់សង្គម។ បច្ចុប្បន្ន ឧកញ៉ាញូស៍ បាននឹងសហការផលិតមាតិកាព័ត៌មានអំពីផលិតផល សេវាកម្ម ដំណឹង ជូនក្រុមហ៊ុនធំៗ និងស្ថាប័ននានាជាច្រើនទម្រង់ ប្រកបដោយភាពស៊ីវិល័យ និងគុណភាពខ្ពស់៕





