កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្តលេខាចេញ «ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា» ថ្មី ខណៈដែលព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ត្រូវទុកជានិរាករណ៍។
តាមរយៈព្រះរាជក្រឹត្យថ្មីនេះ ត្រង់មាត្រា៦ បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីតែម្នាក់គត់ មានសិទ្ធិលើកសំណើទូលថ្វាយព្រះមហាក្សត្រក្នុងការស្នើសុំគោរមងារឧកញ៉ានិងការបញ្ចប់គោរមងារឧកញ៉ា។ ទោះយ៉ាងណា មុននឹងនាយករដ្ឋមន្ត្រីលើកសំណើទូលថ្វាយព្រះមហាក្សត្រ គឺមានគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា ដែលសរសេរជាអក្សរកាត់ថា «គ.ព.វ.គ.» មានសមត្ថកិច្ចពិនិត្យ វាយតម្លៃ និងលើកយោបល់ជូននាយករដ្ឋមន្ត្រីជាមុនសិន។
ដោយឡែក សម្រាប់អង្គព្រះមហាក្សត្រវិញ គឺទ្រង់មានព្រះរាជសិទ្ធិប្រោសព្រះរាជទានគោរមងារឧកញ៉ាដល់រូបវន្តបុគ្គលណា ដែលមានគុណសម្បត្តិ គុណបំណាច់ និងមានស្នាដៃដ៏ធំធេងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។
គោរមងារឧកញ៉ា សំដៅដល់ងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ គោរមងារឧកញ៉ា មាន៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា៕