លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY យល់ឃើញថា ប្រតិបត្តិការទិញ-លក់ដីធ្លីនៅកម្ពុជា គិតពីខែមករា មកដល់ខែតុលា ឆ្នាំ២០២៣នេះ នៅតែមានភាពស្ងប់ស្ងាត់ខ្លាំង បើធៀបនឹងឆ្នាំ២០១៩ មុនផ្ទុះឡើងនៃជំងឺកូវីដ-១៩។
លោកឧកញ៉ា បានឱ្យដឹងថា ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣នេះ យើងសង្កេតឃើញថា វិស័យអចលនទ្រព្យនៅមានភាពស្ងប់ស្ងាត់។ ចំពោះដំណើរការទិញ-លក់វិញ គឺនៅតែមានការថមថយខ្លាំង បើយើងប្រៀបធៀបនឹងឆ្នាំ២០១៩ ពិសេសគឺប្រតិបត្តិការទិញ-លក់ដី នៅរាជធានីភ្នំពេញ។
ចំពោះសន្ទុះការទិញ-លក់ដីធ្លីនៅរាជធានីភ្នំពេញ មានភាពស្ងប់ស្ងាត់ ដោយសារតែកត្តា ទី១ វិនិយោគិនមួយចំនួន ដែលមានសាច់ប្រាក់ពិតប្រាកដ គឺគាត់មិនចង់បញ្ចេញសាច់ប្រាក់។ ទី២ ធនាគារដែលតែងផ្តល់ប្រាក់កម្ចីដល់អ្នកវិនិយោគវិស័យអចលនទ្រព្យ ឈប់ឱ្យកម្ចីសម្រាប់ការទិញអចលនវត្ថុ។
លោកឧកញ៉ា បន្តថា បើយើងនិយាយពីដីធ្លីនៅជាយរាជធានីភ្នំពេញវិញ យើងសង្កេតឃើញថា តំបន់មួយចំនួនដែលបានឡើងថ្លៃខ្ពស់ទៅហើយ មិនមានប្រតិបត្តិការទិញ-លក់ទៀតទេ។ ប៉ុន្តែនៅជាយរាជធានីភ្នំពេញ មានតំបន់ពីរឬបីកន្លែង នៅតែមានប្រតិបត្តិការទិញ-លក់ច្រើន ដោយសារតែតម្លៃនៅទាបនៅឡើយ ព្រោះចម្ងាយត្រឹមតែ៣០គីឡូម៉ែត្រ តម្លៃត្រឹម ១០ដុល្លារ/ម៉ែត្រការ៉េ ព្រមទាំងមានគម្រោងអភិវឌ្ឍន៍នានាពីរាជរដ្ឋាភិបាលថែមទៀត។
លោកឧកញ៉ាកត់សម្គាល់ឃើញទៀតថា តាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តសៀមរាប ព្រះសីហនុ ឬបណ្តាខេត្តផ្សេងៗ វិស័យដីធ្លីកាន់តែមានភាពស្ងប់ស្ងាត់ជាងរាជធានីភ្នំពេញទៅទៀត នៅឆ្នាំ២០២៣នេះ។
យ៉ាងណាក្តី អ្នកជំនាញអចលនវត្ថុនៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល KW SAM SN យល់ថា ជាទូទៅវិស័យអចលនវត្ថុតែងមានការីកលូតលាស់រស់រវើកបន្តទៀត បន្ទាប់ពីមានការថមថយ។ ចំពោះអ្នកដែលមានភាពអត់ធ្មត់ ម៉ឺងម៉ាត់ ស៊ូទ្រាំក្នុងវិស័យនេះ នឹងកាក់គាប់ទទួលបានផលចំណេញជាទីគាប់ចិត្ត នៅពេលដែលវិស័យអចលនវត្ថុនេះ មានការរីកលូតលាស់ម្តងទៀត៕