អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស បានកែច្នៃរថយន្តក្រុងចាស់ៗ ឱ្យក្លាយទៅជាបន្ទប់គេងបែបទំនើបបែបឡានក្រុងមានឈ្មោះថា Hotel Bus ដំបូងគេបង្អស់នៅតំបន់អាស៊ី សម្រាប់ជាជម្រើសរបស់អតិថិជនក្នុងការស្នាក់នៅក្នុងរីស៊តរបស់លោក។

អ្នកឧកញ៉ា ស្ថាបនិកឧទ្យានបោះតង់គីរីរម្យ បានបង្ហោះសារលើបណ្តាញសង្គម កាលពីថ្ងៃសៅរ៍កន្លងទៅថា លោកតែងតែស្តាយហើយបារម្មថា តើរថយន្តក្រុងចាស់ៗគួរយកទៅណា? ហើយតើគួរប្រើឡានក្រុងចាស់ជាប្រយោជន៏បែបណា ហើយធ្វើយ៉ាងណាអាចជួយដល់បរិស្ថានបាន?
ជាមួយគ្នានោះ លោកចាំបានថា កាល១២ឆ្នាំមុន ក្រុមហ៊ុនវីរ:ប៊ុនថាំ ជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលលោកបានបង្កើតរថយន្តគ្រែគេង ហើយបានដាក់ឈ្មោះថា (Hotel Bus) សម្រាប់ផ្តល់សេវាកម្មដឹកជញ្ជូនអតិថិជនពេលរាត្រី ហើយបន្តអភិវឌ្ឍន៍រហូតមកដល់បច្ចុប្បន្ន។
អ្នកឧកញ៉ា បានបន្ថែមដូច្នេះថា៖ “ថ្ងៃនេះដែរខ្ញុំបានសម្រេចចិត្តកែប្រែឡានក្រុងចាស់ៗឱ្យក្លាយទៅជាបន្ទប់គេងបែបទំនើប សម្រាប់អតិថិជនដែលតែងតែគាំទ្រស្នាក់នៅរីស៊តរបស់ខ្ញុំ ហើយក៏ជា បន្ទប់គេងទំនើប បែបឡានក្រុងដំបូងគេបង្អស់នៅតំបន់អាស៊ី។ បន្ទប់គេងនេះក៏នៅតែមានឈ្មោះថា Hotel Bus ដដែល។ មោទនភាពដែលបានធ្វើអ្វីថ្មី ដើម្បីវិស័យទេសចរកម្ពុជា”។
គួរបញ្ជាក់ថា បន្ទប់គេងបែបទំនើបបែបឡានក្រុង Hotel Bus នេះ គឺមានតែមួយគត់ ស្ថិតនៅឧទ្យានបោះតង់គិរីរម្យ Camping Park និងបានបើកដំណើរការជាផ្លូវការហើយ។ ឧទ្យានបោះតង់គិរីរម្យ រីស៊ត មានទេសភាពព្រៃភ្នំស្អាត មានប្លង់ថតរូបរាប់ពាន់ មានបន្ទប់ទឹកស្អាត ទឹកក្តៅទឹកត្រជាក់ ភោជនីយដ្ឋានលក់អាហារទាំង៣ពេល ហាងកាហ្វេ មីនីម៉ាត ព្រមទាំងមាន Wi-Fi ល្បឿនលឿនភ្ជាប់ដោយសេរីផងដែរ៕








