អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលានេះ បានចេញសេចក្តីជូនដំណឹងស្តីពីឯកសណ្ឋានសម្រាប់គោរមវន្ត ដែលមានគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា នៅព្រះរាជាណាចក្រកម្ពុជា។
សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា តាមបញ្ញត្តិនៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យគោរមវន្តមានគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា និងមានសិទ្ធិពេញលេញលើការធ្វើបច្ចុប្បន្នកម្មលើបញ្ជីឈ្មោះ ក៏ដូចជាការរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការ សម្រាប់គោរមវន្តទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្តលេខាចេញ «ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា» ថ្មី ខណៈដែលព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ត្រូវទុកជានិរាករណ៍។
ព្រះរាជក្រឹត្យថ្មីនេះ ក៏បានបញ្ជាក់ផងដែរថា គោរមវន្តដែលទទួលបានគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវមានឯកសណ្ឋាន សញ្ញាសក្តិ និងសញ្ញាសម្គាល់ សម្រាប់ប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យប្រពៃណីជាតិ និងពិធីផ្លូវការផ្សេងៗ៕