លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia និងជាអគ្គនាយកបុរី វិមានសំណាង យល់ឃើញថា នៅពេលដែលយើងខិតខំខ្លាំង គិតតែរឿងរកលុយឱ្យបានច្រើន ហើយមិនសូវមានពេលវេលាសម្រាប់ថែរក្សាសុខភាពខ្លួនឯង និងគ្មានពេលវេលាសម្រាប់ក្រុមគ្រួសារ (ប្តី/ប្រពន្ធ និងកូន) នោះថ្ងៃក្រោយយើងនឹងស្តាយក្រោយអស់មួយជីវិត។

លោកឧកញ៉ា បានលើកឡើងក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះថា បើមានហើយ យើងចង់មានជាងអ្វីដែលយើងកំពុងមានទៀត ត្រូវកំណត់តួលេខ បើសិនជាគ្មានតួលេខទេ គឺយើងវិលចុះវិលឡើងមិនដឹងទៅណានោះទេ។ ពេលដែលយើងមានលុយកាន់តែច្រើន អម្រែកការងារកាន់ធ្ងន់ ពេលវេលាសម្រាប់ខ្លួនឯងកាន់តែតិច ពេលវេលាសម្រាប់គ្រួសារប្តីប្រពន្ធកូនកាន់តែតិច ពេលវេលាសម្រាប់សង្គមកាន់តែតិច។
«ពេលយើងរកលុយបាន ១០ម៉ឺនដុល្លារ និងរហូតដល់ ១លានដុល្លារ ដូច្នេះមានន័យថាវា ១០ដងនៃការធ្វើការងាររបស់យើង។ ពេលដែលយើងខំរកលុយ គិតតែរកលុយតែម្តង យើងនឹងក្លាយទៅជាមនុស្សឯកោ ដែលមិនសូវមានមិត្តភ័ក្តិ ដូចមានពាក្យគេនិយាយថា ម្នាក់នោះជោគជ័យអាជីវកម្ម ប៉ុន្តែបរាជ័យរឿងគ្រួសារ»។ លោកឧកញ៉ា ម្ចាស់បុរី ខេអេស រ៉េស៊ីដេន បានបន្ត។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់បន្ថែមទៀតថា ពេលយើងខំកាន់តែខ្លាំង ពេលវេលាសម្រាប់ខ្លួនឯង សម្រាប់ថែសុខភាព សម្រាប់ក្រុមគ្រួសារសាច់ញាតិមិត្តភ័ក្តិ គឺយើងមិនសូវមានទេ។ ដូច្នេះលោកសូមលើកទឹកចិត្តឱ្យអ្នកមានទាំងឡាយ ដែលចង់រកលុយឱ្យបានច្រើនជាងអ្វីដែលយើងកំពុងមាន ត្រូវកំណត់ថារកលុយចំនួនប៉ុន្មានទៀត ប៉ុន្តែក្នុងពេលដំណាលគ្នា កុំភ្លេចចំណាយពេលថែសុខភាពខ្លួនឯង ចំណាយពេលឱ្យបានច្រើនជាមួយប្តីប្រពន្ធកូន ជាមួយមិត្តភ័ក្តិ ជាមួយសង្គមផង កុំឯកោតែឯងហើយផ្តោតតែរឿងលុយ ពីព្រោះបើសិនជាយើងឯកោតែឯង នោះថ្ងៃក្រោយយើងនឹងស្តាយក្រោយអស់មួយជីវិត៕