តំណាងសមាគមឧកញ៉ាកម្ពុជា២រូប ស្ថិតក្នុងគណៈកម្មការពិនិត្យលើសំណើសុំគោរមងារឧកញ៉ា

ជុំវិញ​ឧកញ៉ា

តំណាងសមាគមឧកញ៉ាកម្ពុជា ២រូប នឹងក្លាយជាសមាជិក នៃ​គណៈកម្មការអន្តរក្រសួងពិនិត្យ​និងវាយតម្លៃ​លើ​សំណើ​សុំ​គោរមងារ​និង​ការ​បញ្ចប់​​គោរមងារឧកញ៉ា។ នេះ​បើ​​តាម​ព្រះរាជក្រឹត្យ​​ស្តីពី​គោរមងារឧកញ៉ា ចុះ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យ​ស្តីពី​ឧកញ៉ា​​ថ្មី​នេះ ​​នៅ​ត្រង់ជំពូក​ទី២ បានចែង​អំពី​ស្ថាប័ន​មានសមត្ថកិច្ច ក្នុងនោះ​ មាត្រា៤ បាន​​ចែង​ថា ត្រូវបាន​បង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យ​និងវាយតម្លៃ​លើ​សំណើ​សុំ​គោរមងារ​និង​ការ​បញ្ចប់​​គោរមងារឧកញ៉ា ដែល​សរសេរ​ជា​អក្សរកាត់ថា គ.ព.វ.គ. មានសមត្ថកិច្ចពិនិត្យ វាយតម្លៃ និង​លើក​យោបល់​ជូន​នាយករដ្ឋមន្ត្រី​លើ​សំណើ​សុំ​ផ្តល់​និង​បញ្ចប់​គោរមងារ​ឧកញ៉ា។

​គ.ព.វ.គ. មានសមាសភាព​ដូចជា៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន, រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ១រូប ជាអនុប្រធាន, រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ១រូប ជាអនុប្រធាន​ប្រចាំការ និង​មាន​សមាជិក​ដូចជា រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១រូប, រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ១រូប, រដ្ឋលេខាធិការ​ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ ១រូប, រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និងសាសនា​ ១រូប, តំណាង​សមាគមឧកញ៉ាកម្ពុជា ២រូប ព្រម​ទាំង​មាន​ អគ្គនាយកនៃអគ្គនាយកដ្ឋាន​ឥស្សរិយយស​និង​គោរមងារ ជា​លេខាធិការ។

ចំពោះ​សមាសភាព គណៈកម្មការអន្តរក្រសួងពិនិត្យ​និងវាយតម្លៃ​លើ​សំណើ​សុំ​គោរមងារ​និង​ការ​បញ្ចប់​​គោរមងារឧកញ៉ា ត្រូវ​តែងតាំង​ដោយ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល។ គណៈកម្មការនេះ មាន​អគ្គនាយកដ្ឋាន​ឥស្សរិយយស​និង​គោរមងារ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ជាលេខាធិការដ្ឋាន ក្នុង​ការ​អនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន។

គោរមងារឧកញ៉ា សំដៅដល់ងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទាន​ដោយព្រះរាជក្រឹត្យទៅតាម​លំដាប់​ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ គោរមងារឧកញ៉ា​នៅកម្ពុជា មាន ៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា៕​