ក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា បានបើកកិច្ចប្រជុំលើកទី៣ អាណត្តិទី១ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនពិសេសកម្មវិធីគ្រោងនឹងចូលគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នាពេលខាងមុខ។
កិច្ចប្រជុំពិភាក្សានេះដឹកនាំដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងមានការចូលរួមពីសំណាក់អ្នកឧកញ៉ាៗជាអនុប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមចំនួន ១៩រូប កាលថ្ងៃទី១៧ខែតុលា ឆ្នាំ២០២៣។
លើបណ្តាញសង្គមផ្លូវការរបស់ខ្លួន សមាគមឧកញ៉ាកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំប្រចាំត្រីមាសនេះបានធ្វើឡើងទៅតាមលក្ខន្តិកៈរបស់សមាគមដោយផ្តោតលើការពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ ទិសដៅ និងផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការរវាងសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ការរៀបចំសន្និបាតប្រចាំឆ្នាំ២០២៣ និងផែនការសម្រាប់ឆ្នាំ២០២៤ ក៏ដូចជាអំពីកម្មវិធីចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣។
សូមជម្រាបជូនថា ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ាថ្មីចំនួន ១៣ទំព័រ ត្រូវបានព្រះមហាក្សត្រ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដើម្បីកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា និងបញ្ចប់គោរមងារ សម្រាប់សប្បុរសជនដែលបានបរិច្ចាគទ្រព្យធនធានជួយដល់រាជរដ្ឋាភិបាលកម្ពុជា ខណៈព្រះរាជក្រឹត្យចាស់ស្តីពីគោរមងារឧកញ៉ាដែលចេញកាលចុងអាណត្តទី៦នោះត្រូវបានទុកជានិរាករណ៍៕