ឧកញ៉ា សួង សារុន តំណាងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្តីពី«ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩» ដល់សមាជិករបស់ FASMEC ក្នុងខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែតុលានេះ។

សិក្ខាសាលានេះ ក៏មានការចូលរួមពីអភិបាលរងខេត្តស្វាយរៀង,ប្រធានមន្ទីឧស្សាហកម្ម វិទ្យាសាស្រ្ត
បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងដៃគូសហការ និងសមាជិក SME ប្រមាណ១៥០រូបផងដែរ។
បើតាម FASMEC គោលបំណងនៃកម្មវិធីសិក្ខាសាលាដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមានចំណុចខ្វះខាត។

គួររម្លឹកថា កន្លងមក សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) តែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅបណ្តាខេត្តមួយចំនួន ដើម្បីជាការចែករំលែកខ្សែសង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម៕




