ឧទ្យាននរា (Norea Parkway) ដែលស្ថិតនៅក្នុងទីក្រុងនរា ក្រោមការវិនិយោគរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC) បានដាក់ចេញនូវវិធានការចំនួន ៥ចំណុច សម្រាប់អ្នកទៅលេងកម្សាន្ត ដើម្បីរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាព និងបរិយាកាសរីករាយទាំងអស់គ្នា។
ការដាក់ចេញវិធានការឱ្យអនុវត្តនេះ គឺមានដូចជា៖ ១)មិនអនុញ្ញាតឱ្យចតយានជំនិះនៅលើផ្លូវ ឬចិញ្ចើមផ្លូវឡើយ សូមចតយានជំនិះរបស់លោកអ្នកនៅទីតាំងចំណតដែលបានរៀបចំ, ២)មិនអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍បំពងសម្លេងលឺៗ រួមមានធុងបាស speaker ។ល។ ៣)មិនអនុញ្ញាតឱ្យដាក់តុកៅអី ក្រាលកន្ទេល ដើម្បីទទួលទានអាហារ ឬសេពគ្រឿងស្រវឹងនៅតាមទីកន្លែងសាធារណៈឡើយ។ ៤)ចូលរួមថែរក្សាអនាម័យ ដោយវេចខ្ចប់សម្រាមផ្ទាល់ខ្លួនទៅដាក់នៅក្នុងធុងសម្រាម និង ៥)ចូលរួមថែរក្សាបរិស្ថាន ដោយមិនដើរជាន់ស្មៅ បេះបោចរុក្ខជាតិ បំផ្លាញសំភារៈ ឬទ្រព្យសម្បត្តិដែលមាននៅក្នុងឧទ្យាននរាឡើយ។
ក្រុមហ៊ុន OCIC ក៏សូមអំពាវឱ្យសាធារណៈជនចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីទាំងអស់គ្នាមកលេងកម្សាន្ត សប្បាយរីករាយ ស្ងប់ស្ងាត់ ស្តាប់សំឡេងវាយោ គយគន់គង្គា ហាត់ប្រាណជាមួយគ្រួសារ អានសៀវភៅ ឬលេងហ្គីតាជាមួយមិត្តភក្តិ អមដោយបរិយាកាសធម្មជាតិ ព្រមទាំងចៀសវាងការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ការរំខានដល់អ្នកដទៃ និងសណ្តាប់ធ្នាប់អនាម័យនៅឧទ្យាននរា។
សូមជម្រាបថា ឧទ្យាននរា (Norea Parkway) បានក្លាយជាទីកន្លែងលំហែកាយដ៏ចាប់អារម្មណ៍មួយ បន្ទាប់ពីការតភ្ជាប់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា។ ស្ពានថ្មីគម្រោងសាងសង់ដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ចំណាយថវិកាប្រមាណ ៣៨លានដុល្លារអាមេរិក បានធ្វើពិធីតភ្ជាប់ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ និងបានបើកដំណើរការឱ្យប្រើប្រាស់ កាលព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣៕