អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានដឹកនាំប្រតិភូ អ្នកឧកញ៉ា ឧកញ៉ា ដែលជាម្ចាស់បុរីជាច្រើនរូប ចូលរួមកិច្ចប្រជុំជាមួយលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិភាក្សាលើវិស័យអចលនទ្រព្យនៅកម្ពុជា នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ មានវត្តមានអ្នកឧកញ៉ា ឧកញ៉ា ជាម្ចាស់បុរីធំៗដូចជា អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាម្ចាស់បុរី វិមានភ្នំពេញ, អ្នកឧកញ៉ា លាង ឃុន ម្ចាស់បុរី ជីប ម៉ុង លែន, អ្នកឧកញ៉ា ថៃ ជាហួត ម្ចាស់បុរី ប៉េង ហួត, អ្នកឧកញ៉ា ជាម ឃុនណាត ម្ចាស់បុរី មេគង្គលែន, អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ព្រមទាំងអនុប្រធាន សមាជិកនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាជាច្រើនរូបទៀត។
វិស័យអចលនទ្រព្យ គឺជាវិស័យដែលធំ និងចាំបាច់របស់កម្ពុជា ដែលទាក់ទងដល់សន្តិសុខ នយោបាយ និងសុវត្ថិភាពរបស់ប្រទេស។ ដូច្នេះកិច្ចប្រជុំរវាងស្ថាប័នរដ្ឋនិងឯកជននេះ គឺជាការរួមគ្នាគិតដោះស្រាយ ដើម្បីផ្តល់សុវត្ថិភាព និងការពារវិស័យនេះ សំដៅឈានទៅសម្រេចឱ្យបាននូវគោលនយោបាយលំនៅឋានសមរម្យជូនប្រជាពលរដ្ឋកម្ពុជា។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកពីវិធានការចាំបាច់មួយចំនួន ដើម្បីកែលម្អ និងលើកស្ទួយវិស័យអចលនទ្រព្យ ដូចជា៖ ១.ពិភាក្សាលើការជួលអចិន្ត្រៃយ៍សម្រាប់ជនបរទេស, ២.ពិនិត្យ និងស្នើធនាគារជាតិ ពិចារណាឡើងវិញ លើការផ្ដល់លំហូរសាច់ប្រាក់ និងការអនុវត្តការប្រាក់, ៣.ស្វែងរកវិធីកៀរគរទុនវិនិយោគពីបរទេស, ៤.បើកទំព័រសករាជថ្មី ជាដៃគូយុទ្ធសាស្រ្តរួមគ្នារវាងក្រសួង និងអ្នកអភិវឌ្ឍន៍ ដើម្បីជជែកពិភាក្សា និងដាក់ចេញនូវវិធានការនានា ដើម្បីទ្រទ្រង់វិស័យអចលនទ្រព្យ។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រឹង គុណភាពបុរីនិងផ្ទះល្វែងឡើងវិញ ព្រមទាំងជំរុញឱ្យសមាជិករបស់ខ្លួន សាងសង់ផ្ទះ សំណង់អគារ ដែលមាន ចរិតលក្ខណៈបែបរចនាបទខ្មែរ ព្រមទាំងផ្តល់ព័ត៌មានចាំបាច់ជុំវិញ ការរកស៊ីខុសច្បាប់របស់ក្រុមហ៊ុនខ្លះ ដែលឆ្មក់ឱកាសឆរបោកពលរដ្ឋ និងជួយជំរុញឱ្យមានការប្រកួតប្រជែកគ្នាផ្នែកតម្លៃ និងសេវាកម្ម ដែលជាប្រយោជន៍ ដើម្បីអតិថិជនទទួលព័ត៌មានច្រើនជាងមុន និងមានជម្រើសល្អច្រើនជាងមុន។ លើសពីនេះ សមាគម ក៏នឹង មានការផ្សព្វផ្សាយជុំវិញវិស័យលំនៅឋានឱ្យទូលំទូលាយ ដោះដូរបទពិសោធរវាងសមាជិក ព្រមទាំងចូលរួម ដោះស្រាយបញ្ហាផ្លូវច្បាប់នានា ជូនអ្នកទិញរបស់ខ្លួនឱ្យបានច្រើនជាងមុន៕