ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង បានលើកឡើងថា នៅក្នុងការរកស៊ី គឺមានដំណាក់កាលកកើត រីកចម្រើន នៅទ្រឹង និងការធ្លាក់ចុះ ដូច្នេះយើងត្រូវយល់ពីបរិបទជីវិតនៃអាជីវកម្ម។ អ្នកដែលជោគជ័យក្នុងអាជីវកម្មមួយខ្លាំងហើយ គឺត្រូវធ្វើពិពិធកម្មទៅរកអាជីវកម្មណាថ្មីទៀត ដែលអាចរកផលចំណេញបានកាន់តែច្រើន។ យ៉ាងណាមិញ លោកឧកញ៉ា សូមណែនាំពីមុខរបរចំនួន ៥ប្រភេទ ដែលអាចមានឱកាសក្លាយជាអ្នកមាន ឬទទួលបានប្រាក់ចំណេញកាន់តែច្រើន។
១. ការអភិវឌ្ឍអចលនទ្រព្យ៖ នៅសង្គមយើងសព្វថ្ងៃ អ្នកដែលមានលុយច្រើន ភាគច្រើនលើសពី ៧០% គឺរកស៊ីទាក់ទងនឹងវិស័យអចលនទ្រព្យ ដូចជាការទិញ-លក់អចលនទ្រព្យ ការសាងសង់បុរី ឬខុនដូ ព្រោះមុខរបរនេះទាក់ទងនឹងលុយច្រើន។
២. វិនិយោគលើក្រុមហ៊ុនណាដែលទើបបង្កើតថ្មីនិងរីកចម្រើន៖ នៅពេលយើងមានលុយ យើងវិនិយោគ ឬទិញភាគហ៊ុនពីក្រុមហ៊ុនដែលកំពុងដំណើរការ និងគិតថាចំណេញ គឺយើងនឹងបានលុយចំណេញមកវិញដែរ។
៣. ការវិនិយោគលើអគ្គីសនី៖ អគ្គីសនីដែលយើងប្រើប្រាស់បច្ចុប្បន្ន គឺអគ្គីសនីរបស់រដ្ឋ (EDC) ប៉ុន្តែសួរថា គ្រប់គ្រាន់តាមតម្រូវការដែរឬទេ? មិនទាន់គ្រប់គ្រាន់ទេ ដូច្នេះបើយើងអាចវិនិយោគលើវិស័យវារីអគ្គីសនី ឬវិស័យថាមពល គឺជាឱកាសដ៏ល្អដើម្បីរកបានផលចំណេញច្រើន។
៤. វិយោគលើទឹក៖ នរណាក៏ត្រូវការប្រើប្រាស់ទឹកដែរ។ នៅកម្ពុជាយើង សាំងមានតម្លៃថ្លៃជាងទឹក ប៉ុន្តែនៅប្រទេសខ្លះ ទឹកថ្លៃជាងសាំង ដូចជា ទឹកបរិសុទ្ធ Evian របស់បារាំង គឺមានតម្លៃថ្លៃជាងសាំង។
៥. ការវិនិយោគលើផ្លូវ៖ នៅប្រទេសជាច្រើន ផ្លូវគេឱ្យក្រុមហ៊ុនឯកជនជាអ្នកអភិវឌ្ឍ តាមរយៈគោលការណ៍ BOT ឬកុងត្រារយៈពេលវែង ៣០ឆ្នាំ ឬ៥០ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនអាចប្រមូលចំណូលបានវិញ។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia បានបន្ថែមទៀតថា ៣ផ្នែកដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល (ផ្លូវ ទឹក ភ្លើង) ជាវិស័យរកលុយបានច្រើន ហើយ៣ផ្នែកនេះ លោកឧកញ៉ា សូមលើកទឹកចិត្តនិងស្នើសុំឱ្យជនជាតិខ្មែរ ឬក្រុមហ៊ុនខ្មែរជាអ្នកអភិវឌ្ឍន៍ ព្រោះ៣ផ្នែកនេះទាក់ទងនឹងជីវភាពរបស់ប្រជាជន។ ម្យ៉ាងទៀត នៅពេលអ្នកមានជនជាតិខ្មែរ អាចទទួលបានលុយចំណេញ គឺលុយស្ថិតក្នុងប្រទេសខ្លួនឯង ដោយមិនយកប្រាក់ចំណេញចេញទៅក្រៅប្រទេស៕