ក្រៅពីអ្នកឧកញ៉ា គិត ម៉េង តើអ្នកឧកញ៉ា ឧកញ៉ារូបណាខ្លះសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដឹកនាំក្រុមការងាររាជរដ្ឋាភិបាល-ផ្នែកឯកជន

ជុំវិញ​ឧកញ៉ា

សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ សម្រេចទទួលស្គាល់នូវសមាសភាពក្រុមការងារទាំង ១៣ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីចូលរួម​ពិភាក្សា​ប្រមូលផ្តុំ​នូវ​រាល់​បញ្ហា​ជា​គន្លឹះ​សម្រាប់​លើកឡើង​ជាមួយ​ក្រុមការងា​រ​រាជរដ្ឋាភិបាល​ទៅតាម​វិជ្ជាជីវៈ​នីមួយៗ​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាសភាពក្រុមការងារនេះឃើញមានវត្តមានអ្នកឧកញ៉ា ឧកញ៉ា និងលោក លោកស្រីជាម្ចាស់អាជីវកម្មជាច្រើនរូប និងតំណាងមកពីស្ថាប័ន ព្រមទាំំងសមាគមដែលកំពុងបំពេញការងារទៅតាមវិស័យរៀងៗខ្លួន។

សេចក្តីសម្រេចនេះ ឧកញ៉ា ម៉ុង ឬទ្ធី ជាសហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម អមដោយអនុប្រធានចំនួន ៦រូប និងសមាជិក ៣៩រូប/ស្ថាប័ន។ ក្រុមការងារផ្នែកទេសចរណ៍ មានឧកញ៉ា លូ ម៉េង ជាសហប្រធាន និងអនុប្រធាន ៤រូប និងសមាជិក ៣៦រូប/ស្ថាប័ន។ ក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ដឹកនាំដោយឧកញ៉ា តែ តាំងប៉ ជាសហប្រធាន និងអនុប្រធាន ៤រូប និងសមាជិក ២៥រូប/ស្ថាប័ន។

ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច មានលោក អានូដ ដាក ជាសហប្រធាន និងអនុប្រធាន ៣រូប និងសមាជិក ៥៧រូប។ ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ លោក អ៊ិន ចាន់នី សហប្រធាន អមដោយអនុប្រធាន ៦រូប និងសមាជិក ៣៦រូប/ស្ថាប័ន។ ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនសម្ព័ន្ធ មានឧកញ៉ា សូ ងួន សហប្រធាន និងអនុប្រធាន ៦រូប សមាជិក ៣១រូប/ស្ថាប័ន។

ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម សហប្រធាន ឧកញ៉ា គួច ផេង និងអនុប្រធាន ៥រូប សមាជិក ៣៤រូប/ស្ថាប័ន។ ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ឧកញ៉ា ណាង សុធី​​ សហប្រធាន និងអនុប្រធាន៤រូប សមាជិក៣១រូប/ស្ថាប័ន។ ផ្នែកស្រូវ-អង្ករ ឧកញ៉ា ចាន់ សុឃាំង សហប្រធាន អមដោយអនុប្រធាន ៥រូប សមាជិក ៣៣រូប/ស្ថាប័ន។

ក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ ឧកញ៉ា អ៊ុន យុទ្ធី សហប្រធាន និងអនុប្រធាន ៤រូប សមាជិក ២២រូប/ស្ថាប័ន។ ផ្នែកអប់រំ ដឹកនាំដោយឧកញ៉ា ហេង វ៉ាន់ដា សហប្រធាន និងអនុប្រធាន៤រូប សមាជិក ២៧រូប/ស្ថាប័ន។ ផ្នែកសុខាភិបាល ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមម៉េង សហប្រធាន និងអនុប្រធាន៤រូប សមាជិក២២រូប/ស្ថាប័ន។

ដោយឡែកក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ ដឹកនាំដោយលោក តាន់ មុនីវណ្ណ សហប្រធាន និងអនុប្រធាន៤រូប សមាជិក ៤៦/​ស្ថាប័ន។ ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ អ្នកឧកញ៉ា គិត ម៉េង សហប្រធាន អមដោយអនុប្រធាន ៤រូប សមាជិក ៥៤រូប/ស្ថាប័ន។

នៅក្នុងសេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា សមាសភាពក្រុមការងារទាំង ១៤ នឹងត្រូវបញ្ចប់អាណត្តិរបស់ខ្លួននៅពេលសហប្រធានថ្មីចូលជំនួស តាមរយៈការជ្រើសរើសស្របតាមនីតិវិធីកំណត់របស់សភាពាណិជ្ជកម្មកម្ពុជា៕