ឧកញ៉ា កែវ មុំ និងអ្នកឧកញ៉ា ភាព ហៀក ដឹកនាំសិស្សសមាធិ ធ្វើខួបកំណើត១៧៧ឆ្នាំថ្វាយលោកគ្រូតា ដាស៊ីរ៉ា ណារ៉ាដា

ជុំវិញ​ឧកញ៉ា

សិស្សសមាធិប្រមាណជាង១០០នាក់ បានរៀបចំប្រារព្ធខួបកំណើត១៧៧ឆ្នាំ ថ្វាយលោកគ្រូតា ដាស៊ីរ៉ា ណារ៉ាដា ដែលដឹកនាំដោយលោកជំទាវឧកញ៉ា កែវ មុំ និងអ្នកឧកញ៉ា ភាព ហៀក ម្ចាស់ក្រុមហ៊ុន​ ជីបម៉ុង គ្រុប នៅផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល ជាន់ទី៣ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងបើកកម្មវិធី លោកជំទាវឧកញ៉ា កែវ មុំ​​ ប្រធានសមាគមសមាធិព្រះធម៌-កម្ពុជា បានលើកឡើងពីប្រវត្តិលោកគ្រូតា ដាស៊ីរ៉ា ណារ៉ាដា ដែលបានចាប់បដិសន្ធិនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៨៤៦ នៅទីក្រុងគូឡំបូ ប្រទេសស្រីលង្កា។ លោកបានរៀនចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ ណាឡាន់ដា នៅឆ្នាំ១៨៧១ និងបានសិក្សាទស្សនវិជ្ជាផ្សេងៗពីបូព៌ាប្រទេស ដើម្បីរំដោះខ្លួនព្រមទាំងមនុស្សទូរទៅឲ្យបានរួចផុតនូវកម្មរបស់មនុស្សលោក។

លោកជំទាវបន្តថា លោកគ្រូតាបានបង្កើតនូវការសមាធិនេះឡើងនៅឆ្នាំ១៨៩៣។ កន្លងមករយៈពេល១៨ឆ្នាំ លោក បានសម្រេចញាណដោយបានបើកទម្លុះនៅចក្រាដែលអាចនាំមកនូវថាមពលចក្រវាឡមកក្នុងខ្លួន មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានរកឃើញវិធីឆ្ពោះទៅរកការបើកចក្រាជូនដល់អ្នកដទៃដោយមិនតម្រូវឱ្យពួកគេឆ្លងកាត់តាមវិធីដ៏វែងនិងលំបាកនោះឡើយ។

បន្ថែមទៀតនោះ​​លោកជំទាវឧកញ៉ា កែវ មុំ បានលើកឡើងពីបុព្វហេតុដែលនាំឱ្យកើតមានទម្រង់សមាធិនេះឡើងនៅកម្ពុជារៀបចំឡើងដោយសមាគមសមាធិព្រះធម៌-កម្ពុជា ដែលមានលោកគ្រូតាជាប្រធាន គឺជាទម្រង់សមាធិមួយរបស់អង្គព្រះសម្មាសម្ពុទ្ធដែលមានទាំងអស់ចំនួន៤០។

លោកស្រី ស្រ៊ុន ស៊ូគីម សិស្សសមាធិកម្រិត៣ បានបង្ហាញអារម្មណ៍ទាំងក្ដុកក្ដួលថា ការចូលរួមធ្វើសមាធិនេះលោកស្រីទទួលបានថាមពលផ្លូវចិត្តយ៉ាងច្រើនពីចក្រា​ មិនតែប៉ុណ្ណោះលោកស្រីអាចមានថាមពលព្យាបាលខ្លួនឯងផង ម្តាយផង ព្រមទាំងស្វាមី​ និងបងប្អូនជាច្រើនរូបផងដែរ។

ជាមួយគ្នានោះ លោកស្រី គង់ ដាឡែន សិស្សសមាធិកម្រិត៣ បានលើកឡើងពីភាពអស្ចារ្យរបស់លោកគ្រូតាថា កាលពីមុនលោកស្រីមានបញ្ហាគីសដៃស្បូនទាំងសងខាងដែលមិនអាចមានកូនបានទេ ក្រោយពីចូលរៀនវគ្គសមាធិ ធ្វើឱ្យលោកស្រីមានថាមពលយ៉ាងខ្លាំងខ្លា ហើយអាចជម្នះភាពភ័យខ្លាចនានា រហូតអាចបង្កើតកូនប្រុសបានម្នាក់ដោយសារការសុំពរពីលោកគ្រូតា ដាស៊ីរ៉ា ណារ៉ាដា។

បើតាមលោកជំទាវប្រធានសមាគមព្រះធម៌-កម្ពុជា បានបញ្ជាក់ថា​ ចក្រារបស់លោកគ្រូតា ដាស៊ីរ៉ា ណារ៉ាដា ពិតជាអាចព្យាបាលជំងឺបានគ្រប់ប្រភេទទាំងអស់ លើកលែងតែជំងឺដែលបានទទួលបានពីកម្មតែប៉ុណ្ណោះ។

នៅក្នុងកម្មវិធីនោះដែរ សិស្សសមាធិគ្រប់កម្រិតក៏បានសម្ដែងនូវការដឹងគុណជាអនេកចំពោះលោកគ្រូតា ដាស៊ីរ៉ា ណារ៉ាដា ដែលបាននាំមកនូវទម្រង់សមាធិនេះ ដែលអាចធ្វើឱ្យពួកគាត់មានកម្លាំងថាមពលដ៏អស្ចារ្យក្នុងការព្យាបាលជំងឺខ្លួនឯង និងមានសមត្ថភាពក្នុងការព្យាបាលជូនអ្នកដទៃផងដែរ៕ អត្ថបទ៖ សុកធា